កាលពីពេលថ្មីៗនេះនៅក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន លោក Shan Zhongde រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូណេស៊ី លោក Budi Arie Setiadi ថបានស្នើសុំឱ្យប្រទេសចិន មកសហការវិនិយោគលើបញ្ញាសិប្បនិមិត្ត (AI) នៅក្នុងប្រទេសរបស់ខ្លួន។
សម្រាប់ជំនួបទ្វេភាគីនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំធំមួយ នៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងាររបស់ លោក Setiadi ទៅកាន់ប្រទេសស្វីស។ មិនតែប៉ុណ្ណោះ នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី Setiadi បានបង្ហាញពីសក្ដានុពលរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការអភិវឌ្ឍទៅលើប្រព័ន្ធ AI និងការវិនិយោគលើធនធានមនុស្ស ដែលត្រូវបានគេរំពឹងថានឹងលើកទឹកចិត្តដល់វឌ្ឍនភាពសម្រាប់ការច្នៃប្រឌិតទៅលើ AI ផ្សេងទៀត។
ទន្ទឹមនឹងនេះ ក៏មានការពិភាក្សាផ្សេងទៀតផងដែរអំពីមធ្យោបាយដែលឥណ្ឌូណេស៊ី អាចប្រើប្រាស់ប្រព័ន្ធ AI ដើម្បីបង្កើនសេដ្ឋកិច្ចឌីជីថលអាចឱ្យប្រទេសរបស់ខ្លួនប្រែក្លាយទៅជាប្រទេសអភិវឌ្ឍ។ ជុំវិញសក្តានុពលនេះ លោក Setiadi សង្ឃឹមថាអាចនឹងទាក់ទាញចំណាប់អារម្មណ៍ប្រទេសចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនៃឌីជីថលនីយកម្មរបស់ប្រទេសឥណ្ឌូណេស៊ី តាមរយៈប្រព័ន្ធ AI ជាពិសេសនៅក្នុងតំបន់ដែលដាច់ស្រយាល៕