យន្តហោះរបស់ក្រុមហ៊ុន Boeing មិនតិចជាង ៣០០គ្រឿង ត្រូវបានរកឃើញមានបញ្ហា ដែលអាចបណ្តាលឱ្យផ្ទុះឆេះនៅលើអាកាសតែម្តង។ នេះបើយោងតាមកាសែត Daily Mail ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២៣ ឧសភា ឆ្នាំ២០២៤។
បញ្ហានេះត្រូវបានរកឃើញតាំងពីដើមឆ្នាំមកម្ល៉េះ វាជាប់ពាក់ព័ន្ធនឹងបញ្ហាអគ្គិសនីនៅលើយន្តហោះប្រភេទ 777 ដែលអាចបណ្តាលឱ្យធុងសាំងនៅស្លាបយន្តហោះឆេះនិងផ្ទុះពេលកំពុងហោះហើរ ហើយបើតាមការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកយន្តហោះទាំងនោះគឺកំពុងប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ United និង American Airlines។
FAA ក៏បានព្រមានក្រុមហ៊ុន Boeing អំពីបញ្ហាអគ្គិសនីនេះរួចហើយដែរ ដោយនិយាយថា បើមិនដោះស្រាយទាន់ពេលទេ ប្រភពបញ្ឆេះនៅខាងក្នុងធុងប្រេង នឹងបង្កជាអគ្គិភ័យហើយផ្ទុះតែម្តង។ FAA ក៏បានព្យាករថា ការជួសជុលប្រព័ន្ធសុវត្ថិភាពទៅលើយន្តហោះប្រភេទ 777 នឹងធ្វើឲ្យ Boeing ខាតបង់ជាង ៦៩៨ ០០០ដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ ក្រុមហ៊ុន Boeing ក៏បានចេញមុខបដិសេធភ្លាមៗផងដែរថា ការដែលចោទប្រកាន់លើបញ្ហាទាំងនេះគឺជាការបំភាន់សុទ្ធសាធ ហើយជះឥទ្ធិពលដល់អាក្រក់ ដល់ការធ្វើដំណើរដែនអាកាស ដែលជាមធ្យោបាយដឹកជញ្ជូនដ៏មានសុវត្ថិភាពបំផុតមួយ។
អ្នកនាំពាក្យក្រុមហ៊ុន Boeing បន្តថា “មានការគិគូរខ្លាំងណាស់ ចំពោះការរចនានៅក្នុងយន្តហោះពាណិជ្ជកម្មសម័យទំនើប ដើម្បីធានាការទប់ស្កាត់ផលប៉ះពាល់អេឡិចត្រូម៉ាញ៉េទិច។ ក្រុមយន្តហោះប្រភេទ 777 បានដំណើរការអស់រយៈពេលជិត៣០ឆ្នាំមកហើយ ហើយបានហោះហើរដោយសុវត្ថិភាពសម្រាប់មនុស្សជាង ៣.៩ពាន់លាននាក់”។
គួរបញ្ជាក់ថា កន្លងទៅយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Boeing ជាច្រើនម៉ូដែលបានជួបប្រទះបញ្ហារបើកទ្វារ ឆេះម៉ាស៊ីននៅលើអាកាស និងការធ្លាក់ចំនួនពីរគ្រឿងបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៣៤៦នាក់៕