អតីតបុគ្គលិកក្រុមហ៊ុនCBS ខ្លះមានវិបត្តិវិរញ្ញវត្ថុគ្រួសារសុខចិត្តបញ្ចប់កិច្ចសន្យា និងបុគ្គលិកខ្លះសុំឈប់ព្រោះសំពាធការងារ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 6 វិច្ឆិកា 2021
អតីតបុគ្គលិកក្រុមហ៊ុនCBS ខ្លះមានវិបត្តិវិរញ្ញវត្ថុគ្រួសារសុខចិត្តបញ្ចប់កិច្ចសន្យា និងបុគ្គលិកខ្លះសុំឈប់ព្រោះសំពាធការងារ

ភ្នំពេញ៖ បន្ទាប់ពីភាគីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង មិនព្រមទទួលការស្នើជួបរបស់មេធាវីសហជីពការងារ តំណាងឱ្យអតីតបុគ្គលិកចំនួន ៩នាក់ ដែលបានទៅពឹងពាក់ឱ្យជួយដោះស្រាយវិវាទការគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗក្រោយក្រុមហ៊ុនបញ្ឈប់ពីការងារ មានអ្នកមួយចំនួនហួសចិត្តនិងសុខចិត្តព្រោះមានវិបត្តិវិរញ្ញវត្ថុគ្រួសារនិងការអូសបន្លាយពេលយូរផងក៏ព្រមទៅចុះហត្ថលេខាតាមការបញ្ចប់កិច្ចសន្យាការងារនិងទទួលប្រាក់អត្ថប្រយោជន៍តាមកម្រិតក្រុមហ៊ុនគិតឱ្យ រីឯបុគ្គលិកខ្លះដែលកំពុងបំពេញការងារក៏បានដាក់ពាក្យសូមឈប់ព្រោះសំពាធការងារផងដែរ។

សម្រាប់ការបដិសេធមិនព្រមជួបមេធាវីសហជីពការងារតំណាងឱ្យអតីតបុគ្គលិកកាលពីដើមសប្តាហ៍នេះភាគីក្រុមហ៊ុនមិនប្រាប់ហេតុផលទេ ខណៈមុនការសុំជួបចរចាររបស់មេធាវី ភាគីក្រុមហ៊ុនបានចេញសេចក្ដីបំភ្លឺមួយដោយនៅក្នុងខ្លឹមសារខាងក្រោមនៃលិខិតនោះបានសរសេរថា « ក្រុមហ៊ុនសូមស្វាគមន៍និងសហការចំពោះការទាមទារទាំងឡាយណាដែលស្រមតាមច្បាប់ការងារ និងតាមលទ្ធភាពរបស់ក្រុមហ៊ុន អនុលោមតាមនីតិវិធីច្បាប់ការងារ ដោយសន្តិវិធី និងសេចក្ដីថ្លៃថ្នូរ»។

ក្រុមហ៊ុន ខេមបូឌាន ប្រតខេសស្ទីងសឺវីស (Ca​mbo​di​an Broadcasting Service Co., Ltd ឬ CBS) បញ្ឈប់បុគ្គលិកនេះបានលើកហេតុផល ដោយសាររងផលប៉ះពាល់ពីកូវិដ១៩ តម្រូវការកែសម្រួលរចនាសម្ព័ន្ធតម្រូវបញ្ចប់កិច្ចសន្យាសហការីមួយចំនួន ដោយក្រុមហ៊ុនលើកឡើងថា ការបញ្ចប់កិច្ចសន្យាបុគ្គលិកនេះ ខ្លួនបានអនុវត្តស្របតាមច្បាប់ការងារ សម្រាប់ការទូរទាត់អត្ថប្រយោជន៍ជូនបុគ្គលិក ដូចជាប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹងមុន ទៅតាមអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ប្រាក់ដំណាច់ឈប់សម្រាកដែលនៅសល់ ប្រាក់រម្លឹកអតីតភាពការរងារមុនឆ្នាំ២០១៩ និងប្រាក់ដំណាច់អតីតភាពការងារ​ក្រោយឆ្នាំ​២០១៩ដែលនៅសល់។ ប៉ុន្តែក្រុមអតីបុគ្គលិកថា ការទូទាត់នេះមិនទាត់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅតាមច្បាប់ការងារនៅឡើយដូចជា ការមិនគិតប្រាក់ជួសការបញ្ឈប់(ប្រាក់ជំងឺចិត្ត) ការគិតប្រាក់ជួសការឈប់សម្រាក់ប្រចាំឆ្នាំ(បំណាច់ឆ្នាំគិតតែឆ្នាំចុងក្រោយ) និងមិនបានគិតប្រាក់បន្ទាប់បន្សំដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារជាដើម។ 

ទាក់ទងនិងវិវាទនេះយើងខ្ញុំមិនទាន់សូមការបញ្ជាក់បាននៅឡើយពីអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកទូរទស្សន៍ CNC។

សូមបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកមានជាច្រើនផ្នែករាប់សិបនាក់ ដែលបំរើការនៅទូរទស្សន៍ CNC, MYTV, CTN នៅគ្រាកំពុងបញ្ឈប់នោះក្រុមហ៊ុនក៏ប្រកាសជ្រើសរើសបុគ្គលិកបន្ថែមដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនCBS នៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ខណៈដែល គិត ម៉េង ខ្លួនឯងផ្ទាល់ក៏ជាអគ្គនាយកទូរទស្សន៍ CNC ផងដែរ៕ តាពេជ្រ