គណបក្សប្រឆាំងនៅកូរ៉េខាងត្បូង ឈ្នះបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភា

ពិភពលោក
ថ្ថ្ងៃសុក្រ 12 មេសា 2024
គណបក្សប្រឆាំងនៅកូរ៉េខាងត្បូង ឈ្នះបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភា

បក្សឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភាដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា កន្លងទៅដែលនាំឱ្យប្រធានាធិបតី លោក Yoon Suk Yeol កំពុងស្ថិតក្នុងជំហរដ៏លំបាកមួយសម្រាប់អាណត្តិដែលនៅសេសសល់របស់លោក។ 

បើតាមការចុះផ្សាយពីសារព័ត៌មាន NPR បានឱ្យដឹងថា ការបោះឆ្នោតនេះគណបក្សប្រជាធិបតេយ្យបានដណ្តើមយកសំឡេងភាគច្រើនជាមួយនឹងការឈ្នះអាសន:ចំនួន ១៧៥ នៅក្នុងសភាតែមួយដែលមានសមាជិកសរុបចំនួន ៣០០ ស្របពេលគណបក្សប្រជាជនអភិរក្សនិយម (PPP) ដែលកំពុងកាន់អំណាចដណ្តើមបានត្រឹម ១០៨ អាសនៈប៉ុណ្ណោះ។

គណបក្សប្រឆាំងនៅកូរ៉េខាងត្បូង ឈ្នះបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កូរ៉េខាងត្បូង បានបង្ហាញឱ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតបានកើនឡើងដល់ ៦៧% ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយសម្រាប់ការបោះឆ្នោតសភា។

ជុំវិញលទ្ធផលនេះហាក់បានបង្ហាញពីភាពអស់ជំនឿរបស់ចំពោះសាធារណៈជនទៅលើប្រធានាធិបតី លោក Yoon និងគណបក្សកាន់អំណាច ជាពិសេសក្នុងប៉ុន្មានខែចុងក្រោយនេះចំពេលមានការកើនឡើងតម្លៃស្បៀងអាហារ និងវិបត្តិវេជ្ជសាស្រ្តអូសបន្លាយ។ តម្លៃកសិផលមួយចំនួនក៏បានកើនឡើងជិតពីរដងផងដែរ ក្នុងខែមីនាស្របពេលតម្លៃទំនិញប្រើប្រាស់ទូទៅបានកើនឡើងជាង ៣% បើធៀបនឹងឆ្នាំមុន ខណ:ពេលដែលក្រុមអ្នករិះគន់ និងគណបក្សប្រឆាំងក៏បានវាយប្រហារទៅលើលោក Yoon ផងដែរ ជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសាររបស់លោក ហើយថែមទាំងបានចោទប្រកាន់ពីបទបំផ្លាញសេរីភាពនៃការបញ្ចេញមតិផងដែរ។

គណបក្សប្រឆាំងនៅកូរ៉េខាងត្បូង ឈ្នះបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភា

ទន្ទឹមនឹងនេះលោកប្រធានាធិបតី Yoon បាននិយាយអំពីលទ្ធផលបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងទទួលយកនូវឆន្ទៈរបស់ប្រជាជន និងធ្វើកំណែទម្រង់រដ្ឋបាលរបស់លោកបន្ថែមទៀតស្របពេលប្រធានបណ្ដោះអាសន្នរបស់គណបក្ស PPP ដែលកំពុងកាន់អំណាច លោក Han Dong-hoon ក៏បានប្រកាសលាលែងពីតំណែងផងដែរ ដោយទទួលស្គាល់ថាគណបក្សរបស់លោកបរាជ័យក្នុងការយកឈ្នះចិត្តប្រជាជន៕