លោក ពៅ សុខ រហ័សនាម "អ្នកនិពន្ធសំរែ" អតីតអ្នកសារព័ត៌មានធ្លាប់បម្រើការងារនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា វិទ្យុស្ត្រីកម្ពុជា និងបុគ្គលិកជាន់ខ្ពស់ផ្នែកព័ត៌មាននៃស្ថានីយ៍ទូទស្សន៍ហង្សមាស ដែលជាអ្នកជំនាញការីនិពន្ធពោលគឺអ្នកនៅពីក្រោយឆាកដែលពុំសូវមានអ្នកស្គាល់ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិព្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលពានរង្វាន់ “អ្នកនិពន្ធឆ្នើម” ប្រចាំប្រទេសកម្ពុជាពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលមានលោក ឡី សុភាព ជានាយកគ្រប់គ្រង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។
លោក ពៅ សុខ បានលើកឡើងថា ការទទួលបានពានរង្វាន់នេះគឺជាកិត្តិយសគួរឱ្យរំភើបទោះបីពានរង្វាន់នេះស្ថិតក្នុងក្របខ័ណ្ឌវិទ្យាស្ថានមិនមែនស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិក៏ដោយ។ ហើយការផ្តល់ពានរង្វាន់នេះជាការលើកទឹកចិត្តដ៏ទូលំទូលាយមួយដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវកម្ពុជាដទៃទៀតឱ្យខិតខំកសាងស្នាដៃសម្រាប់វិស័យតែងនិពន្ធ និងស្រាវជ្រាវនៅកម្ពុជា។
លោកបន្តឱ្យដឹងថា ជាលើកទីមួយហើយដែលលោកទទួលបានរង្វាន់លើកទឹកចិត្តបែបនេះចាប់តាំងពីលោកបម្រើអាជីពតែងនិពន្ធពីឆ្នាំ២០០៣រហូតមក។ ដែលការប្រគល់ពានរង្វាន់គឺវិទ្យាស្ថានបានផ្តោតលើការស្រាវជ្រាវ និងចងក្រងសៀវភៅលក្ខណៈវិទ្យាសាស្រ្តរបស់លោក ដែលមិនមែនផ្តោតលើស្នាដៃនៃការតែងនិពន្ធប្រលោមលោក ភាពយន្ត កំណាព្យ ឬចម្រៀងរបស់លោកឡើយ។
គួរបញ្ជាក់ថា កម្រងសៀវភៅរបស់លោកដែលគណៈកម្មការវាយតម្លៃនៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិលើកយកទៅពិគ្រោះ និងវាយតម្លៃមានដូចជា ១.វីរបុរស០៧១, ២.សម្តេច ហ៊ុន សែន វីរបុរសសង្ហាដើបញ្រ្ចាសទិសប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៣.ទឹកចិត្តអ្នកជួយសង្រ្គោះ, ៤.សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា, ៥.អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី, ៦.សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ១៩, ៧.កូនប្រុសច្បងដ៏មានឥទ្ធិពល, ៨.កម្ពុជាសម័យតេជោជាដើម៕ តាពេជ្រ