មហាមិត្តចិន ​ខកខាន​ផ្តល់​ប្រាក់​កម្ចី​នៅ​អាស៊ីអាគ្នេយ៍​ជាង ៥០​ពាន់​លាន​ដុល្លារ ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធធំៗ​

ពិភពលោក
ថ្ថ្ងៃសុក្រ 29 មីនា 2024
មហាមិត្តចិន ​ខកខាន​ផ្តល់​ប្រាក់​កម្ចី​នៅ​អាស៊ីអាគ្នេយ៍​ជាង ៥០​ពាន់​លាន​ដុល្លារ ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធធំៗ​

មហាយក្សចិនខកខាន​មិនបាន​ផ្តល់​ប្រាក់កម្ចី​ដូច​តាម​ការសន្យា​ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) នៅ​តំបន់​អាស៊ីអាគ្នេយ៍ រហូតដល់​ទៅ ៥០​ពាន់​លាន​ដុល្លារ​។ ការ​ខកខាន​នេះកំពុង​ធ្វើ​ឱ្យ​អនាគត​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា។ នេះបើតាមលទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ ទើប​នឹង​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន Lowy Institute ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី (Australia) កាលពី​ថ្ងៃទី​២៧ ខែមីនា ២០២៤។

មហាមិត្តចិន ​ខកខាន​ផ្តល់​ប្រាក់​កម្ចី​នៅ​អាស៊ីអាគ្នេយ៍​ជាង ៥០​ពាន់​លាន​ដុល្លារ ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធធំៗ​

ការស្រាវជ្រាវនោះរក​ឃើញ​ថា ក្នុង​ចំណោម​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស​ចំនួន ៣៤​គម្រោង នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គម្រោង​នីមួយៗ​មានតម្លៃ​ចាប់ពី ១​ពាន់​លាន​ដុល្លារ​ឡើង​ទៅ ចិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​កម្ចី​ដល់​គម្រោង​ខ្នាត​យក្ស​ចំនួន ២៤ គម្រោង ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៧៧​ពាន់​លាន​ដុល្លារ​។ គម្រោង​ខ្នាត​យក្ស​របស់​ចិន​ទាំងនេះ មាន​ដូចជា ផ្លូវ​រថភ្លើង​ល្បឿន​លឿន ព្រលាន​យន្តហោះ ស្ពាន និង​កំពង់ផែ ជាដើម​។ ក៏ប៉ុន្តែ ការស្រាវជ្រាវ​រក​ឃើញ​ថា ចិន​ខកខាន​មិន​បាន​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​អនុវត្ត​គម្រោង​ទាំងនេះ ក្នុង​ចំនួន​ទឹកប្រាក់​រហូត​ដល់​ទៅ ៥២​ពាន់​លាន​ដុល្លារ ជាពិសេស​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩​។ ផ្ទុយទៅវិញ ស្ទើរតែ​ជាង​ពាក់​កណ្តាល​នៃ​គម្រោង​ទាំង​នេះ ត្រូវ​ចិន​លុប​ចោល កាត់​បន្ថយ​ទំហំ ឬ​មិន​អនុវត្ត​តែម្តង។

មហាមិត្តចិន ​ខកខាន​ផ្តល់​ប្រាក់​កម្ចី​នៅ​អាស៊ីអាគ្នេយ៍​ជាង ៥០​ពាន់​លាន​ដុល្លារ ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធធំៗ​

ការសិក្សា​ស្រាវជ្រាវបានឱ្យដឹងទៀតថា មូលហេតុ​ដែល​នាំ​ឱ្យ​ចិន​ខកខាន​មិន​អាច​សម្រេច​ដោយរលូននេះគឺ​ដោយសារតែ​កត្តា​មួយចំនួន ក្នុង​នោះ​មាន​ដូចជា ចិន​ផ្ដោត​ខ្លាំងពេក​ទៅលើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស ដែល​ងាយ​បង្ក​ឱ្យ​មាន​ហានិភ័យ ការ​ពន្យា​ពេល កត្តា​អស្ថិរភាព​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​ដៃគូ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការ​ពិគ្រោះ​យោបល់​ទន់ខ្សោយ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​បម្រែបម្រួល​ជា​សាកល​នៃ​ការ​ងាក​ទៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត។

មហាមិត្តចិន ​ខកខាន​ផ្តល់​ប្រាក់​កម្ចី​នៅ​អាស៊ីអាគ្នេយ៍​ជាង ៥០​ពាន់​លាន​ដុល្លារ ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធធំៗ​

ការ​សិក្សា​ស្រាវជ្រាវ​ដដែល សន្និដ្ឋាន​ថា មាន​ភាព​មិន​ប្រាកដ​ប្រជា​ជាច្រើន​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) របស់​ចិន​។ វិបត្តិ​បំណុល​ក្នុង​ប្រទេស​ខ្ចីបុល​ជាច្រើន និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់ចុះ​ដុនដាប​ក្នុង​ប្រទេស​ចិន​ខ្លួនឯង បាន​នាំ​ឱ្យ​មាន​ការព្យាករណ៍​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) របស់​ចិន នឹង​រង​នូវ​ភាព​ទន់ខ្សោយ​កាន់តែ​ខ្លាំង​។ មូលហេតុ​នេះ នឹង​ញាំ​ង​ឱ្យ​ចិន​ងាក​មក​ផ្តោត​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច និង​មធ្យម​នៅ​ក្រៅ​ប្រទេស​វិញ៕