នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូល សម្រាប់អ្នកកាន់តំណែងនយោបាយថៃ កាលពីថ្ងៃទី២៦ ខែធ្នូ បានសម្រេចលើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលធ្លាប់ត្រូវបានរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិលោក Thawil Pliensri មកធ្វើជាទីប្រឹក្សានាយករដ្ឋមន្ត្រីកាលពី ខែវិច្ឆិកា ឆ្នាំ២០១១។
លោកស្រី យីងឡាក់ មិនមានចេតនាក្នុងការបង្កហេតុណាមួយ ក្រៅពីការផ្ទេរតំណែងជាធម្មតារបស់រដ្ឋាភិបាលនោះទេ ហើយក៏មិនមែនជាផែនការក្នុងការដកតំណែងមេប៉ូលិសជាតិ ឬក៏តែងតាំងសាច់ញាតិតាមបក្សតាមពួកឡើយ។ មិនត្រឹមតែប៉ុណ្ណោះតុលាការក៏បានដកហូតដីកាចាប់ខ្លួនលោកស្រីផងដែរ ពីបទថាកាលពីខែវិច្ឆិកាឆ្នាំមុននោះ លោកស្រីមិនបានចូលខ្លួនមកបំភ្លឺនៅតុលាការ ដើម្បីដោះស្រាយសំណុំរឿងទាំងនេះនោះទេ។
គួរជម្រាបផងដែរ ការចោទប្រកាន់ពីបទរំលោភអំណាច បានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ នៅពេលលោកស្រី យីងឡាក់ ដែលកាលនោះមានតំណែងជានាយករដ្ឋមន្ត្រីបានសម្រេចចុះហត្ថលេខាលើការផ្ទេរលោក Thawil Pliensri ពីតំណែងអគ្គលេខាធិការ NSC ទៅកាន់តួនាទីជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ ខុទ្ទកាល័យបានតែងតាំងលោកឧត្តមសេនីយ៍ Wichean Potephosree ដែលកាលនោះជាអគ្គស្នងការនគរបាលជាតិ មកជំនួសតួនាទីលោក Thawil នៅ NSC វិញ។
ក្រោយមកលោកស្រី យីងឡាក់ បានស្នើឲ្យលោកឧត្តមសេនីយ៍ឯក Priewphan Damapong ដែលជាអគ្គស្នងការរងនគរបាលជាតិ និងក៏ជាសាច់ញាតិជាប់សាច់ជាប់ឈាមរបស់លោកស្រីផងដែរនោះ មកឡើងកាន់តួនាទីជាអគ្គស្នងការនគរបាលជាតិ ដើម្បីបំពេញកន្លែងដែលបន្សល់ទុកដោយលោក Potephosree៕ Bangkok Post