
សារព័ត៌មាន RT បានផ្សាយថា ប្រទេសរុស្ស៊ី កំពុងបង្វែគោលដៅនាំចេញទំនិញរបស់ខ្លួន ពីសហភាពអឺរ៉ុប ទៅកាន់បណ្ដាប្រទេសនៅអាស៊ីវិញ ខណៈប្រទេសចិនជាទីផ្សារនាំចេញទំនិញធំបំផុត។
ដើម្បីជាការឆ្លើយតបទៅនឹងការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច រុស្ស៊ីបានបង្វែទិសដៅពាណិជ្ជកម្មរបស់ពួកគេ រួមទាំងការផ្គត់ផ្គង់ថាមពលជាដើម ទៅកាន់ប្រទេសមិត្តសម្លាញ់ផ្សេងៗ ជាពិសេសគឺចិន តែម្ដង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov (អាន់តន់ ស៊ីលូអាណូវ) បានលើកឡើងថា ការនាំចូលទំនិញពីចិន ទៅកាន់ប្រទេសរុស្ស៊ី ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
បើតាមទិន្នន័យពីគយចិន បានបង្ហាញឲ្យឃើញថា ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣នេះ កើនឡើង ២៦,៧% សរុបជាទឹកប្រាក់ ២១៨,១៧ពាន់លានដុល្លារ៕