នាយកសាលាបឋមសិក្សាព្រែកខ្សាច់ យូរៗអើតមុខមកសាលាម្ដងមិនដឹងខ្នងក្រាសប៉ុណ្ណាទេ ធ្លាប់ធ្វើកិច្ចសន្យា២ដងមិនកែខ្លួន

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 6 តុលា 2023
នាយកសាលាបឋមសិក្សាព្រែកខ្សាច់ យូរៗអើតមុខមកសាលាម្ដងមិនដឹងខ្នងក្រាសប៉ុណ្ណាទេ ធ្លាប់ធ្វើកិច្ចសន្យា២ដងមិនកែខ្លួន

បន្ទាប់ពីបែកធ្លាយរឿង លោក អ៊ូច ថូ នាយកសាលាបឋមសិក្សាព្រែកខ្សាច់ ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ១ឆ្នាំមកអើតសាលាពីរបីដង ទោះជាធ្វើកិច្ចសន្យា២ដងមកហើយក្ដីនៅតែមិនកែខ្លួន ចុងក្រោយនេះអាជ្ញាធរស្រុកបានឱ្យគណៈកម្មការការរិយាល័យអប់រំស្រុក ចុះស្រាវជ្រាវរួចមករកឃើញថា ពិតជាអវត្តមានមិនមកធ្វើការជាប់លាប់មែន ហើយកិច្ចការរដ្ឋបាលក្នុងសាលាក៏មិនបំពេញឱ្យបានត្រឹមត្រូវផងទៀត។

ប្រភពដំណឹងដែល 1Post ទទួលបានឱ្យដឹងថា ក្នុងការផ្តល់ចម្លើយនិងសំណូមពររបស់លោកគ្រូ អ្នកគ្រូចំនួន ៦នាក់ និងគណៈគ្រប់គ្រប់សាលារៀនចំនួន ៤នាក់ សរុបទាំងអស់ ១០នាក់ ក្នុងនោះមាន៨នាក់បានស្នើឱ្យដកលោកនាយកសាលាចេញ មានតែ២នាក់ប៉ុណ្ណោះដែលចង់ឱ្យលោកនាយកនោះនៅបន្តសាកល្បងកែខ្លួនរយៈពេល១ខែទៅ២ខែទៀត គ្រាដែលស្ថិតក្នុងកំឡុងពេលរឿងកំពុងកើតរឿងនេះក្ដីលោក អ៊ូច ថូ មកសាលាពីរទៅបីម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃៗ។

នាយកសាលាបឋមសិក្សាព្រែកខ្សាច់ យូរៗអើតមុខមកសាលាម្ដងមិនដឹងខ្នងក្រាសប៉ុណ្ណាទេ ធ្លាប់ធ្វើកិច្ចសន្យា២ដងមិនកែខ្លួន

ប្រភពដំណឹងបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីទទួលការឆ្លើយបំភ្លឺខាងលើហើយ ខាងគណៈកម្មការការិយាល័យអប់រំស្រុក បានធ្វើកំណត់ហេតុ និងធ្វើការសន្និដ្ឋានស្នើសុំការផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យលើឈ្មោះ អ៊ូច ថូ ពីនាយកសាលាបឋមសិក្សាព្រែកខ្សាច់ ឱ្យមក បម្រើការងារជាគ្រូបង្រៀននៅអនុវិទ្យាល័យព្រែកខ្សាច់ និងបានធ្វើរបាយការណ៍នេះជូនលោក ចេង មុន្នីរិត អភិបាលស្រុកគីរីសាគរ និងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង រួចហើយ នៅឡើយតែស្ងាត់ឈឹងត្រឹមអាជ្ញាធរស្រុក នាំឱ្យគេសង្ស័យថា លោកនាយកនោះមិនដឹងជាមានខ្នងក្រាសប៉ុណ្ណាទេ ឬក៏សែនអ្នកតាម្ចាស់ទឹកម្ចាស់ដីត្រូវហើយក៏មិនដឹង ព្រោះរបាយការណ៍កំណត់ហេតុបានដាក់ជូនទៅដល់រដ្ឋបាលស្រុកអស់រយៈពេល១៥ថ្ងៃមកហើយគិតត្រឹមវេលាចេញផ្សាយនេះ។

នាយកសាលាបឋមសិក្សាព្រែកខ្សាច់ យូរៗអើតមុខមកសាលាម្ដងមិនដឹងខ្នងក្រាសប៉ុណ្ណាទេ ធ្លាប់ធ្វើកិច្ចសន្យា២ដងមិនកែខ្លួន

ទាក់ទងករណីខាងលើនេះលោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគីរីសាគរ បានឱ្យដឹងថា បានចាត់អភិបាលរងទទួលដោះស្រាយចំពោះការងារនេះហើយ។ ដោយត្រូវអញ្ជើញម្ចាស់ខ្លួនបំភ្លឺចំពោះមុខរដ្ឋបាលស្រុក។ លោកបញ្ជាក់ថា ចំពោះករណីនេះគឺ ដោយសារសាលាបឋមទើបតែប្រគល់មកស្រុកគ្រប់គ្រង ដូច្នេះយើងត្រូវស្រាវជ្រាវឱ្យច្បាស់សិន មុននឹងសម្រេចថាយ៉ាងណា។

ដែលការធ្វើបែបនេះត្រូវបានគេកើតឆ្ងល់ថា ខាងអាជ្ញាធរស្រុកហាក់លូកដៃក្នុងកិច្ចការរបស់មន្ទីរអប់រំខេត្តទៅវិញ ព្រោះបើតាមផ្អែកតាមអនុក្រឹត្យលេខ ២១៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌបានកំណត់អំពី សមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងពាក់ព័ន្ធក្នុងការរៀបចំផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិកទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីធានាដល់ការចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីដើមឆ្នាំ២០២៤តទៅ។

នាយកសាលាបឋមសិក្សាព្រែកខ្សាច់ យូរៗអើតមុខមកសាលាម្ដងមិនដឹងខ្នងក្រាសប៉ុណ្ណាទេ ធ្លាប់ធ្វើកិច្ចសន្យា២ដងមិនកែខ្លួន

ចំណែកលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានត្រឹមបញ្ជាក់យ៉ាងខ្លីថា កំពុងចាត់វិធានការហើយ។

ដោយឡែកលោក អ៊ូច ថូ នាយកសាលាបឋមសិក្សាព្រែកខ្សាច់ មិនឆ្លើយសារសំណួរពីក្រុមការងារ 1Post នៅឡើយ។

សូមរម្លឹកថា មួយរយៈចុងក្រោយមកនេះកិច្ចការរដ្ឋបាលក្នុងសាលាបឋមសិក្សាព្រែកខ្សាច់មិនបានបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវនោះទេ ដោយសៀវភៅបញ្ជីវត្តមានមិនបានធ្វើដូចសព្វដងទេ។ ការគ្រប់គ្រងរដ្ឋបាលមិនបានរៀបចំសៀវភៅចុះលេខលិខិតចេញចូលមិនបានរៀបចំសៀវភៅបញ្ចូលឯកសារ។ ការទុកដាក់ឯកសារមិនទាន់មានសណ្តាប់ធ្នាប់ មិនបានបិទផ្សាយលិខិតបទដ្ឋានផ្សេងៗតាមបញ្ជរព័ត៌មាន រាល់ការប្រជុំផ្សេងៗក្នុងសាលាមិនបានធ្វើកំណត់ហេតុគ្រប់គ្រាន់ឡើយ។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ SP