អារ៉ាប៊ីសាអូឌីត កំពុងរកទីតាំងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នាពេលខាងមុខនេះ

ពិភពលោក
ថ្ថ្ងៃអង្គារ 7 កុម្ភៈ 2023
អារ៉ាប៊ីសាអូឌីត កំពុងរកទីតាំងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នាពេលខាងមុខនេះ

អារ៉ាប៊ីសាអូឌីត ត្រៀមនឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យ។ នេះបើយោងជំនួបរវាងឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងក្រុមការងារបច្ចេកទេសអារ៉ាប៊ីសាអូឌីត ដឹកនាំដោយលោក Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតកាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

អារ៉ាប៊ីសាអូឌីត កំពុងរកទីតាំងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នាពេលខាងមុខនេះ

ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌី លោក Mohammed Mbark Al Saefi បាននិយាយថា ក្រុមការងារលោកកំពុងស្វែងរកទីតាំងសមស្របណាមួយ ក្នុងការរៀបចំបើកស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជាវិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឲ្យមានការកើនឡើងបន្ថែមទៀត។

ភាគីកម្ពុជាឧកញ៉ា អូស្មាន ហាស្សាន់ បានសាទរ និងរីករាយ ដែលអារ៉ាប់ប៊ីសាអូឌីត បានសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ ពង្រឹងនិងពង្រីក ទំនាក់ទំនងទ្វេភាគីដែលជាប្រយោជន៍រួម របស់ប្រជាជាតិទាំងពីរ។

អារ៉ាប៊ីសាអូឌីត កំពុងរកទីតាំងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នាពេលខាងមុខនេះ

សូមរម្លឹកថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា អារ៉ាប៊ីសាអូឌីត សម្រេចបានក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០(មានត្រឹមតែ១៩លានដុល្លារ) គ្រាដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ ក្នុងនោះកម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ស្បែកជើង និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងទំនិញដទៃទៀត៕