សាកសពបុរសម្នាក់ដែលជិះម៉ូតូកង់៣ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារហើយលិចបាត់កាលពី៣ថ្ងៃមុនបានអណ្តែត និងរសាត់ទៅទើនៅកំប្លោកក្បែរច្រាំង ទន្លេសាបខាងត្បូងស្ពានព្រែកព្នៅប្រមាណ១គីឡូម៉ែត្រ ក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០២១។
បន្ទាប់ពីភ្ញាក់ផ្អើលប្រទះឃើញសព ក្រុមគ្រួសារសពក៍បានចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗដែរ។ សពបុរសរូបនោះមានឈ្មោះ ព្រំ វណ្ណះ អាយុ ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់៣ មានលំនៅស្នាក់នៅ ភូមិឃ្លាំងសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញមានប្រពន្ធឈ្មោះលន់ ចាន់ឌី អាយុ ៣២ឆ្នាំ មានកូនចំនួន ២នាក់។
បើតាមក្រុមគ្រួសារឱ្យដឹងថា នៅវេលាម៉ោងប្រមាណជាង១យប់រំអាធ្រាត្រ ថ្ងៃកើតហេតុខាងលើ បុរសរូបនោះបានប្រាប់ប្រពន្ធថា ចេញដឹកម៉ូយ ស្រាប់តែមកលោតទឹកសម្លាប់ខ្លួនតែម្តង ដោយមូលហេតុជំពាក់ប្រាក់ធានាគា និងមានទំនាស់គ្រួសារជាប្រចាំរឿងបំណុលនោះ។ ទោះបីជាយ៉ាងណាគេពុំដឹងថាជំពាក់ប្រាក់ប៉ុន្មានឡើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤ និង៣០នាទី ទៀបភ្លឺ ខែសីហា បុរសរូបនោះបានជិះម៉ូតូកង់មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5832 ធ្វើដំណើរឡើងស្ពានក្នុងទិសដៅពីលិចទៅកើត។ នៅពេលជិតដល់កណ្តាលស្ពានក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ក៍បានលោតចុះទៅក្នុងទន្លេសាបបន្សល់ទុក តែស្បែកជើង និងម៉ូតូកង់៣មួយគ្រឿងខាងលើ៕