របាយការណ៍ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងរយៈ១១ខែមានទំហំទឹកប្រាក់ជាង២០,៤ពាន់លានដុល្លារអាម៉េរិក កើនឡើង១៨%បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាគឺសហរដ្ឋអាម៉េរិក។
ជារួមកម្ពុជាមានទំហំពាណិជ្ជកម្ម ជាមួយប្រទេសក្នុងពិភពលោក ក្នុងទំហំទឹកប្រាក់៤៨,២ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញមានជាង២០,៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមាន២៧,៧ពានលានដុល្លារ។
លំដាប់លេខ១ទីផ្សារសហរដ្ឋអាម៉េរិក ដែលមានទំហំពាណិជ្ជកម្មរហូតដល់ ៨,៥ពាន់លានដុល្លារ។ក្នុងនោះ ការនាំចេញ គឺមានដល់ ជាង៨,២ពាន់លានដុល្លារ ជាមួយកំណើន២៣ភាគរយ ។
លំដាប់លេខ២ទីផ្សារវៀតណាម៖ មានទំហំពាណិជ្ជកម្មប្រមាណ៥,៥ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញ គឺមានដល់ ជិត១,៩ពាន់លានដុល្លារ ជាមួយកំណើន៤,៨ភាគរយ ។
លំដាប់លេខ៣ទីផ្សារចិន៖ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេស គឺរហូតដល់ ជិត១០,៥៨ពាន់លានដុល្លារ។ ប៉ុន្តែ ការនាំទំនិញទៅកាន់ទីផ្សារពិភពលោកមួយនេះ មានត្រឹម១,១ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះដល់ជាង១៩ភាគរយ។
លំដាប់លេខ៤ទីផ្សារជប៉ុន៖ មានទំហំពាណិជ្ជកម្មជិត១,៧៩ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញមានរបស់កម្ពុជា គឺមាន ជិត១,០៧ពាន់លានដុល្លារ ជាមួយកំណើន៦,៨ភាគរយ។
លំដាប់លេខ៥ទីផ្សារកាណាដា៖ ទំហំពាណិជ្ជកម្មមាន១,០៥ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសនេះ មាន ១,០២ពាន់លានដុល្លារ ដែលមានកំណើ នក្នុងរង្វង់២០ភាគរយ។
លំដាប់លេខ៦ទីផ្សារអាល្លឺម៉ង់៖ ទំហំពាណិជ្ជកម្មមាន១,១៥ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញរបស់កម្ពុជា មានដល់ ១ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជានេះគឺមានកំណើន២៦,៧ភាគរយ។
លំដាប់លេខ៧ទីផ្សារអង់គ្លេស៖ មានទំហំពាណិជ្ជកម្មប្រមាណ៩០២លានដុល្លារ។ ប៉ុន្តែសម្រាប់ការនាំចេញរបស់កម្ពុជាទៅទីផ្សារមួយនេះ គឺមាន៨២២លានដុល្លារ ក្នុងកំណើន២៤,៥ភាគរយ។
លំដាប់លេខ៨ទីផ្សារថៃ៖ ទំហំពាណិជ្ជកម្មមានជិត៤,៣ពាន់លានដុល្លារ។ ចំពោះការនាំចេញរបស់កម្ពុជាទៅប្រទេសជាប់ព្រំដែនមួយនេះ មាន៧៥៦លានដុល្លារ ជាមួយកំណើន៣៥,៤ភាគរយ។
លំដាប់លេខ៩ទីផ្សារបែលហ្ស៊ិក៖ មានទំហំពាណិជ្ជកម្មប្រមាណ៦៧៥លានដុល្លារ ដែលការនាំចេញរបស់កម្ពុជាទៅប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ មាន៥៩៦លានដុល្លារ។ ការនាំចេញនេះមានកំណើន ៣១,៦ភាគរយ។
លំដាប់លេខ១០ទីផ្សារហូឡង់៖ ទំហំពាណិជ្ជកម្ម គឺមាន៥៤៣លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន៥០៤លានដុល្លារ ដែលមានកំណើន២៩,៥ភាគរយ៕