កោះកុង៖ លោក សុខ សុទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងថ្លែងថា លោកមិនបាននិយាយសំណង់ដែលសង់លើសមុទ្រមានច្បាប់នោះទេ។ សំណង់ខាងលើស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ហើយលោកថានឹងដឹកនាំក្រុមការងារចុះមកពិនិត្យនៅថ្ងៃទី១៦ វិច្ឆិកា ២០២២ ខាងមុខដែលផ្ទុយពីការលើកឡើងរបស់លោក អ៊ុក វរ៉ា ជាអ្នកពាក់ព័ន្ធនឹងគម្រោងការនេះ។ គ្រាដែលលោកអ្នកនាំពាក្យ ឱ្យខាងស្រុកធ្វើការគឺទទួលបានលិខិត ២ខាងក្រោមនៃអត្ថបទ។
លោក អ៊ុក វរ៉ា ដែលជាអ្នកធ្វើគម្រោងនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានទាំងមិនទាន់ច្បាស់លាស់ថា «ខាងរដ្ឋបាលខេត្តបានបំភ្លឺហើយ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ» តើលោកមានច្បាប់អ្វីឱ្យប្រាកដ? ច្បាប់អនុញ្ញាតឱ្យសាងសង់? ច្បាប់អាជីវកម្មទេសចរណ៍? ច្បាប់វិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា? ច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ? ច្បាប់អនុញ្ញាតពីក្រសួងបរិស្ថាន? ច្បាប់អនុញ្ញាពីក្រសួងកសិកម្ម? ឬក៏ត្រឹមលិខិតអនុញ្ញាតវារីរប្បកម្ម? ហើយលិខិតវារីវប្បកម្មនេះទៀតសោតអនុញ្ញាតត្រឹមសាងសង់ហេដ្ឋារចនាសម្ព័នកម្រិតណា សូមលោកជួយបញ្ជាក់ឱ្យច្បាស់និងមានឯកសារយោងផង កុំឱ្យពលរដ្ឋ និងសាធារណៈជនកើតឆ្ងល់?
យោងតាមលិខិតរបស់ប្រធានសហគមន៍នេសាទកោះខ្យងបានរៀបរាប់ខ្លឹមសាថា ដីខាងលើស្ថិតក្នុងការកែលម្អអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិដោយលោក អ៊ុក វរ៉ា មិនប៉ះពាល់ដល់សកម្មភាពនេសាទ និងការអភិវឌ្ឍន៍ផ្សេងទៀតរបស់សហគមន៍នេសាទឡើយ។ សហគមន៍នេសាទបន្តការគាំទ្រ និងអនុញ្ញាតឱ្យមានការកែលម្អសោភ័ណ្ឌភាពឆ្នេរសមុទ្រ សាងសង់ ស្ពាន ផ្ទះ ខ្យុះ ផែចតទូកសម្រាប់បម្រើភ្ញៀវទេសចរណ៍ និងការទិញលក់ផលនេសាទរបស់សហគមន៍។ ដោយលើលិខិតនេះមានស្នាមមេដៃប្រធានសហគមន៍ និងហត្ថលេខា និងត្រារបស់មេធាវី១រូប។ សំណួរសួរថា តើឃ្លាដែលប្រធានសហគមន៍នេសាទថា «យល់ព្រមអនុញ្ញាត» នាំឱ្យកើតឆ្ងល់ថាសមាសភាពគ្រប់គ្រងដីឆ្នេរសមុទ្រ និងផ្ទៃសមុទ្រ ជាដែនសមត្ថកិច្ចរបស់អ្នកណាឱ្យប្រាកដគ្រាដែលសំណង់ជាច្រើនសង់ពីបេតុងក្នុងទំហំដូចរូបភាពដែលបានបង្ហាញនេះ? រូមទាំងឃ្លា «មិនប៉ះពាល់ដល់សកម្មភាពនេសាទ និងការអភិវឌ្ឍន៍ផ្សេងទៀតរបស់សហគមន៍នេសាទឡើយ» តើមន្ត្រីជំនាញដែលធ្វើកិច្ចការនេះគិតយ៉ាងណាវិញ?។
លោក អ៊ុក វរ៉ា បច្ចុប្បន្នជាជំនួយការឧកញ៉ាល្បីម្នាក់។ លោកគ្រប់គ្រងក្រុមហ៊ុនទូរស្សន៍បង់ប្រាក់ប្រចាំខែ ហើយថ្មីៗនេះល្បីមកថា លោកត្រូវបានឧកញ៉ាឱ្យជួយមើលថ្នាលទូរទស្សន៍ឌីជីថលមួយ និងថ្នាក់លើឱ្យកាន់ទូរទស្សន៍របស់ក្រសួងមួយ តែមិនដឹងជាការពិតឬយ៉ាងណាទេ? នេះជាសំណួរ? ហើយអ្វីកាន់តែឆ្ងល់គឺលិខិតរបស់រដ្ឋបាលស្រុកស្រែអំបិលដែលរៀបរាប់ពីដីចំណីព្រែក តែទីតាំងដែលកំពុងកើតឆ្ងល់នេះគឺសង់សំណង់លើឆ្នេរសមុទ្រ ផ្ទៃសមុទ្រ និងកាប់ព្រៃកោងកាងចាក់ដីនៅលើឆ្នេរ?៕ SP