យុវតីជាបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង រត់ទៅព្រំដែនយកអាវុធកាន់ប្រយុទ្ធដើម្បីសិទ្ធិសេរីភាព

ពិភពលោក
ថ្ថ្ងៃពុធ 19 តុលា 2022
យុវតីជាបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង រត់ទៅព្រំដែនយកអាវុធកាន់ប្រយុទ្ធដើម្បីសិទ្ធិសេរីភាព

អ៊ីរ៉ង់៖ CNN បានផ្សាយថា យុវតីជាបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ងក្លាយទៅជាអ្នកប្រយុទ្ធនៅតាមព្រំដែនភាគខាងលិចប្រទេសអ៊ីរ៉ង់។ 

កញ្ញាRezan បានធ្វើដំណើរតាមជួរភ្នំថ្មអស់រយៈពេលបីថ្ងៃ ដើរកាត់ចម្ការមីន ដើម្បីស្វែងរកកងកម្លាំងតស៊ូបដិវត្តន៍។ វាជាដំណើរដ៏វែងឆ្ងាយនិងគ្រោះថ្នាក់សម្រាប់យុវនារីវ័យក្មេង។សកម្មជនជនជាតិអ៊ីរ៉ង់-ឃឺដអាយុ 19 ឆ្នាំដែល CNN ដាក់រហស្សនាមថា Rezan បាននិយាយថា “ខ្ញុំដឹងថាប្រសិនបើមន្រ្តីអ៊ីរ៉ងប្រទះឃើញយើង យើងនឹងស្លាប់ភ្លាមៗ”។ នាងធ្វើដំណើរទៅកាន់ព្រំដែនអ៊ីរ៉ាក់ដែលជាព្រំដែនយោធាអ៊ីរ៉ង់យាមកាមយ៉ាងតឹងរឹងបំផុត។

យុវតីជាបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង រត់ទៅព្រំដែនយកអាវុធកាន់ប្រយុទ្ធដើម្បីសិទ្ធិសេរីភាព

យោងតាមក្រុមសិទ្ធិមនុស្ស រាយការណ៍ថាមានមនុស្សជាច្រើនត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ចំពោះជនណារត់ឆ្លងដែន ឬរត់ពន្ធទំនិញខុសច្បាប់។

នាង Rezan បានភៀសខ្លួនចេញពីស្រុកកំណើតនៅ Sanandaj នៅភាគខាងលិចប្រទេសអ៊ីរ៉ង់ជាកន្លែងដែលកងកម្លាំងសន្តិសុខកំពុងបង្រ្កាបបាតុកម្មនិងសម្លាប់ក្រុមអ្នកតវ៉ា។ នាងRezan បន្ត ថាបាតុករត្រូវបានឃុំខ្លួនតាមអំពើចិត្តខ្លះត្រូវបានគេបាញ់សម្លាប់នៅចំពោះមុខនាង។ មនុស្សជាច្រើនត្រូវបានគេវាយដំនៅតាមដងផ្លូវ។ នាងបាននិយាយថា នៅក្នុងសប្តាហ៍ទីពីរនៃការតវ៉ាកងកម្លាំងសន្តិសុខបានទាញបោចសក់របស់នាងអូសនៅតាមផ្លូវនេះជាការបង្រ្កាបដ៏ឃោរឃៅនៅក្នុងទីក្រុងដែលភាគច្រើនជាជនជាតិឃឺដ។

យុវតីជាបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង រត់ទៅព្រំដែនយកអាវុធកាន់ប្រយុទ្ធដើម្បីសិទ្ធិសេរីភាព

តំបន់Sanandaj មានការតវ៉ាដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រៅពីទីក្រុង Tehran ចាប់តាំងពីការបះបោរបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា។

កញ្ញាRezan បាននិយាយថា នាងគ្មានជម្រើសអ្វីក្រៅពីការធ្វើដំណើរដ៏វែងឆ្ងាយ និងគ្រោះថ្នាក់ជាមួយអ្នករត់ពន្ធទៅកាន់ប្រទេសអ៊ីរ៉ាក់នោះទេ។ ការចាកចេញពីប្រទេសអ៊ីរ៉ង់តាមច្រកព្រំដែននៅជិតបំផុត។ ការស្នាក់នៅ Sanandaj អាចបណ្តាលឱ្យនាងស្លាប់ដោយកម្លាំងសន្តិសុខអ៊ីរ៉ង់។

នាងបានប្រាប់ CNN ពីភាគខាងជើងប្រទេសអ៊ីរ៉ាក់ថា“នៅទីនេះ ខ្ញុំអាចទទួលបានសិទ្ធិរបស់ខ្ញុំក្នុងការរស់នៅជាស្ត្រី។ ខ្ញុំចង់តស៊ូដើម្បីសិទ្ធិស្ត្រី។ ខ្ញុំចង់ប្រយុទ្ធដើម្បីសិទ្ធិមនុស្ស”៕ CNN