ក្រុងកៀវ៖ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ បានចេញផ្សាយថាគិតត្រឹមព្រឹកថ្ងៃចន្ទនេះ រុស្ស៉ីបានបាញ់មីស៉ីលសរុបយ៉ាងហោច ៧៥គ្រាប់ មកលើអ៊ុយក្រែន ដែលជាការវាយប្រហារធ្ងន់ៗជាងគេ។
លោកឧត្តមសេនីយ៍ វ៉ាឡឺរី ហ្សាលូសនី (Valeriy Zaluzhny) បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ប្រទេសភេរវករ នោះគឺរុស្ស៉ី បានបើកការវាយប្រហារមីស៉ីលយ៉ាងសម្បើម មកលើទឹកដីរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងការប្រើប្រាស់យន្តហោះដ្រូន។
កាលពីព្រឹកថ្ងៃចន្ទនេះ ពួកឈ្លានពានបានបាញ់មីស៉ីលសរុបយ៉ាងតិច ៧៥គ្រាប់ ដោយក្នុងនោះ៤១គ្រាប់ ត្រូវបានប្រព័ន្ធការពារអាកាសយើង បាញ់ស្ទាក់បាន»។
ករណីផ្ទុះបន្តបន្ទាប់ត្រូវបានរាយការណ៍ នៅរដ្ឋធានីកៀវ ក៏ដូចជានៅទីក្រុងលីវ (Lviv), ឌីនីប្រូ(Dnipro), ហ្សាប៉ូរិចហ្សៀ (Zaporizhzhia), ខាកៀវ (Kharkiv), ធើណីពីល (Ternopil), ស៊ូមី (Sumy), ហ្ស៉ីតូមៀ (Zhytomyr), ខ្មេលនីតស្គី (Khmelnytskyi) និង គីវ៉ូរ៉ូវ៉ាដ(Kirovohrad) ជាដើម។ ចំពោះមុខការវាយប្រហារទាំងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខចោទរុស្ស៉ីថា កំពុងព្យាយាមកម្ចាត់អ៊ុយក្រែនពីផ្ទៃផែនដី៕