អ្នកភូមិថាឧកញ៉ាខ្នា កាយបឹងលក់ដីដល់ក្បាលប្រែត មិនឃើញការអភិវឌ្ឍន៍មូលដ្ឋាន បានតែផលរំខាន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 27 មករា 2021

ខេត្តកណ្ដាល៖ ក្រុមអ្នកភូមិនៅជុំវិញបឹងកាវាល់ ស្ថិតនៅក្នុងឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានកំពុងឆ្ងល់សួរគ្នា និងចង់បានប្រយោជន៍ដោយតម្លាភាពយកមកអភិវឌ្ឍន៍មូលដ្ឋាន បន្ទាប់ពីអាជ្ញាធរនៅតាមបណ្ដាភូមិនៅជុំវិញបឹងកាវាល់ បានមកស្នើឱ្យផ្ដិតមេដៃដើម្បីស្ដារបឹងមួយនេះ ទាំងអ្នកខ្លះមិនដឹងស៉ីជម្រៅថា សកម្មភាពស្ដារនេះគេយកអាចម៌ដីទៅលក់ នឹងយកប្រាក់ទៅចាយវាយលើអ្វីខ្លះឬចែកប្រយោជន៍គ្នាដោយរបៀបណា។

អ្នកភូមិថាឧកញ៉ាខ្នា កាយបឹងលក់ដីដល់ក្បាលប្រែត មិនឃើញការអភិវឌ្ឍន៍មូលដ្ឋាន បានតែផលរំខាន

ក្រុមពលរដ្ឋបានបន្តឱ្យដឹងទៀតថា សកម្មភាពកាយបឹងរួមភូមិទំហំជាង៤០ហិកតានេះជាច្រើនខែមកហើយ ជម្រៅមិនតិចជាង៨ម៉ែត្រ ហើយរថយន្តខ្នាតយក្សដឹកដីចេញពីរណ្ដៅដូចស្រមោច ទាំងមិនគោរពបទដ្ឋានបច្ចេកទេសច្បាប់ (ដឹកលើសទ្រុង មិនគ្រប ធ្វើឱ្យដីធ្លាក់លើផ្លូវ បង្កជាធូលីហុយពេលស្រោចទឹកមិនទាន់ បើស្រោចជ្រុលបង្កជាភក់ជ្រាំរអិល រំខានដល់ការធ្វើដំណើរ ការរស់នៅ និងការរកទទួលទានរបស់ពួកគាត់។  (សម្លេងក្រុមពលរដ្ឋ)

ទាក់ទងនឹងការលើកឡើងនេះឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានឱ្យដឹងថា បានទទួលនិងអោយជំនាញចុះពិនិត្យ  ហេីយរាយការណ៏ទៅក្រសួងរ៉ែដេីម្បីពិនិត្យពីបទដ្ឋានបច្ចេកទេសអោយត្រឹមត្រូវ  និងអោយអភិបាលស្រុកត្រួតពិនិត្យកិច្ចសន្យាអាជីវកម្ម  និងដោះស្រាយផលប៉ះពាល់នានាដល់ប្រជាជន  ។

ចំណែកលោកឧកញ៉ា លឹម ប៊ុនណា ហៅឧកញ៉ាខ្នា ម្ចាស់អាជីវកម្មរណ្ដៅដីក្បាលប្រែតមិនទាន់សុំការបញ្ជាក់បាននៅឡើយ។ 

ដោយឡែកឯកឧត្ដម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរដ្ឋបានឱ្យដឹងថា លោកនឹងឱ្យមន្ត្រីជំនាញចុះពិនិត្យសកម្មភាពខាងលើ។

គូរំលឹកថា សកម្មភាពឈ្មួញសហការជាមួយអាជ្ញាធរ ហើយទៅចែចូវយកស្នាមមេដៃពីពលរដ្ឋ ក្រោមហេតុផលពលរដ្ឋស្នើសុំស្ដារបឹងបានកំពុងកើតឡើងច្រើនករណីនាពេលបច្ចុប្បន្នមិនថាតែស្រុកកណ្ដាលស្ទឹងនេះទេ។ ហើយការទទួលបានផលប្រយោជន៍ក៏ផ្សេងៗគ្នា ខ្លះក៏បានថវិការយកមកអភិវឌ្ឍន៍មូលដ្ឋាន ឬក៏គ្រួសារអ្នកភូមិដោយតម្លាភាព ខ្លះក៏បានប្រយោជន៍ដល់មនុស្សមួយក្រុម ជាងប្រយោជន៏រួមក៏មាន៕

 

អ្នកភូមិថាឧកញ៉ាខ្នា កាយបឹងលក់ដីដល់ក្បាលប្រែត មិនឃើញការអភិវឌ្ឍន៍មូលដ្ឋាន បានតែផលរំខាន
អ្នកភូមិថាឧកញ៉ាខ្នា កាយបឹងលក់ដីដល់ក្បាលប្រែត មិនឃើញការអភិវឌ្ឍន៍មូលដ្ឋាន បានតែផលរំខាន