អង្គការពាណិជ្ជកម្មពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកល ក្រោយដឹងមុនពីការធ្លាក់ចុះនៃទំហំពាណិជ្ជកម្ម

ពិភពលោក
ថ្ថ្ងៃអាទិត្យ 9 តុលា 2022
អង្គការពាណិជ្ជកម្មពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកល ក្រោយដឹងមុនពីការធ្លាក់ចុះនៃទំហំពាណិជ្ជកម្ម

អង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីថ្ងៃពុធទី០៥តុលា បានបន្ទាបការព្យាករណ៍យ៉ាងខ្លាំងចំពោះចរន្តពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០២៣ ហើយព្រមានពីឥទ្ធិពលសង្រ្គាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ក៏ដូចជាប្រឈមមុខនឹងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ។

នៅក្នុងទិន្នន័យព្យាករណ៍ការធ្វើពាណិជ្ជកម្មប្រចាំឆ្នាំរបស់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO អ្នកជំនាញស្ថាប័នពាណិជ្ជកម្មកំពូលមួយនេះរំពឹងថា ទំហំពាណិជ្ជកម្មទំនិញពិភពលោក នឹងកើនឡើងដល់ ៣,៥%នៅពេញ១ឆ្នាំ២០២២នេះ។ ចំនួននេះឃើញថាខ្ពស់ជាងការរំពឹងទុកបន្តិច ក្នុងការប៉ាន់ស្មានកាលពីខែមេសា។

ទោះយ៉ាងណា សម្រាប់ឆ្នាំក្រោយ ឆ្នាំ២០២៣ អង្គការពាណិជ្ជកម្មពិភពលោក WTO ប៉ាន់ស្មានថាពាណិជ្ជកម្មសកលនឹងមានកំណើនត្រឹមតែ ១%គត់ ដែលវាជាការដាំក្បាលចុះខ្លាំងមែនទែនតែម្តងគឺខុសស្រឡះពីអ្វីដែលបានរំពឹងទុកកាលពីដើមឆ្នាំនេះ ថានឹងមានកំណើនដល់ ៣,៤%។

អង្គការពាណិជ្ជកម្មពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកល ក្រោយដឹងមុនពីការធ្លាក់ចុះនៃទំហំពាណិជ្ជកម្ម

ប្រធានអង្គការពាណិជ្ជកម្មពិភពលោកថ្លែងប្រាប់អ្នកយកព័ត៌មានថា ទិដ្ឋភាពពាណិជ្ជកម្មពិភពលោកនៅឆ្នាំក្រោយនេះ គឺមើលទៅមានភាពខ្មៅងងឹតខ្លាំងណាស់។ សេដ្ឋកិច្ចសកលប្រឈមនឹងវិបត្តិជាច្រើនប្រភេទ ហើយជាច្រើនលើកច្រើនសារផ្ទួនៗ ខណៈបច្ចុប្បន្នការរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុកំពុងក្លាយជាបន្ទុក រាំងស្ទះដល់កំណើនសេដ្ឋកិច្ចនៅស្ទើរតែទូទាំងពិភពលោក។

ហេតុអ្វីបានជាអង្គការពាណិជ្ជកម្មពិភពលោក WTO ទម្លាក់ការព្យាករណ៍ចរន្តពាណិជ្ជកម្មពិភពលោកខ្លាំងដល់ថ្នាក់នេះ?

បើតាមការអះអាងពីក្រុមអ្នកជំនាញសេដ្ឋកិច្ច នៅពេលដែលគេប៉ាន់ស្មានពីដំបូងក្នុងខែមេសាកាលនោះសង្គ្រាមនៅអ៊ុយក្រែនទើបតែបានផ្ទុះឡើងជាង១ខែប៉ុណ្ណោះ ធ្វើឱ្យគេពិបាកសន្និដ្ឋានណាស់ ពីព្រោះអ្វីៗស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។ ក្រោយពីការតាមដានពីស្ថានការណ៍វិវត្តអស់រយៈពេលជាច្រើនខែមកនេះ គេបានកត់សម្គាល់ឃើញថា ការកើនឡើងខ្ពស់នៃតម្លៃថាមពល អតិផរណាកើតមាននៅគ្រប់ទីកន្លែង ខណៈសង្គ្រាមក៏មិនមានសញ្ញាធូរស្រាលសោះ ដូច្នេះហើយទើបអង្គការពាណិជ្ជកម្មពិភពលោក WTO សម្រេចបន្ទាបកំណើនពាណិជ្ជកម្មពិភពលោក មកនៅត្រឹម១%បែបនេះ។

អង្គការពាណិជ្ជកម្មពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកល ក្រោយដឹងមុនពីការធ្លាក់ចុះនៃទំហំពាណិជ្ជកម្ម

ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO បានកត់សម្គាល់ថា ស្ថានការណ៍សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាអ្នកកំណត់ជោគវាសនារបស់និន្នាការពាណិជ្ជកម្មសកលយ៉ាងពិតប្រាកដ។ បើសង្គ្រាមនៅអ៊ុយក្រែនវិវត្តទៅរកស្ថានការណ៍ល្អ នោះពាណិជ្ជកម្មពិភពលោក នឹងប្រសើរឡើងដូចគ្នា ប៉ុន្តែបើស្ថានការណ៍នៅតែអាក្រក់ដូចបច្ចុប្បន្ននេះ ហើយបើកាន់តែអាក្រក់ជាងនេះទៅទៀតនោះ ពាណិជ្ជកម្មសកលនឹងមានកំណើនកាន់តែយឺតមែនទែនតែម្តង។

កាលសប្តាហ៍មុនប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO បានព្រមានថាការលំបាកទាំងអស់ទាំងសង្គ្រាម ទាំងការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀងអាហារ ថាមពល និងការព្យាយាមងើបចេញពីវិបត្តិជំងឺកូវីដ១៩ផងនោះ អាចនឹងនាំសេដ្ឋកិច្ចពិភពលោក ឈានឆ្ពោះទៅរករណ្តៅវិបត្តិធ្ងន់ធ្ងរជាក់ជាមិនខានឡើយ។

សូមជម្រាបថា ពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ២០២១ មានទំហំសរុបគិតជាទឹកប្រាក់ជាង២៨ទ្រីលានដុល្លារអាមេរិកកើនឡើង២៥% ធៀបនឹងទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២០ និងខ្ពស់ជាង១៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនពេលដែលជំងឺរាតត្បាតកូវីដ១៩ មិនទាន់វាយប្រហារ។នេះបើយោងតាមរបាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។ ទោះយ៉ាងណាទំហំពាណិជ្ជកម្មសរុបសកលលោកក្នុងឆ្នាំ២០២២នេះ មិនទាន់មានទិន្នន័យផ្លូវការនៅឡើយទេ៕

អង្គការពាណិជ្ជកម្មពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកល ក្រោយដឹងមុនពីការធ្លាក់ចុះនៃទំហំពាណិជ្ជកម្ម