បរទេស៖ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ IEA កាលពីថ្ងៃទី២៧ ខែកញ្ញា ២០២២ បានឱ្យដឹងថាស្របពេលអឺរ៉ុបកំពុងជួបវិបត្តិផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ការចាប់ផ្ដើមបើកដំណើរការរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែររបស់ជប៉ុនឡើងវិញ នឹងអាចជួយបំពេញតម្រូវការថាមពលរបស់អឺរ៉ុបនៅរដូវរងាខាងមុខ។
បច្ចុប្បន្នអឺរ៉ុបកំពុងញាប់ដៃញាប់ជើងស្វែងរកទិញឧស្ម័នដើម្បីដោះស្រាយវិបត្តិខ្វះថាមពលក្នុងរដូវរងាខាងមុខ ដោយសារសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនបានរារាំងលំហូរឧស្ម័ន។ កង្វះថាមពលបានជំរុញឱ្យអឺរ៉ុបព្រួយបារម្ភជុំវិញការកាត់ផ្ដាច់ចរន្តអគ្គិសនី និងវិបត្តិសេដ្ឋកិច្ច។
ជប៉ុន អាចជាគោលដៅមួយរបស់អឺរ៉ប។ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ កាលពីខែសីហាប្រកាសថា ជប៉ុននឹងចាប់ផ្តើមបើករោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរមួយចំនួនដែលបានផ្អាកដំណើរការជាយូរមកហើយនោះឡើងវិញ។
លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានលើកឡើងថាគម្រោងរបស់ជប៉ុន នឹងជួយបំពេញតម្រូវការឧស្ម័នរបស់អឺរ៉ុបនៅក្នុងរដូវរងាខាងមុខ។ ការបើកដំណើរការរោងចក្រផលិតថាមពលឡើងវិញនេះ នឹងបង្កើនទិន្នផលឧស្ម័នធម្មជាតិរាវ (LNG) បានកាន់តែច្រើនក្នុងទីផ្សារពិភពលោក។
«ការចាប់ផ្តើមបើករោងចក្រនុយក្លេអ៊ែរឡើងវិញជាដំណឹងល្អសម្រាប់ជប៉ុន ហើយក៏ជាជំនួយដ៏ធំមួយសម្រាប់អឺរ៉ុបក្នុងរដូវរងារផងដែរ»។ ប្រធាន IEA បានថ្លែងបែបនេះក្នុងសន្និសីទថាមពលអន្តរជាតិនាទីក្រុងតូក្យូ ដោយបានបន្ថែមថា លោករីករាយដែលឃើញជប៉ុនធ្វើដំណើរឆ្ពោះទៅរកការចាប់ផ្តើមបើករោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ។
ជប៉ុនជាប្រទេសនាំចូលឧស្ម័នធម្មជាតិ (LNG) ដ៏ធំបំផុតមួយរបស់ពិភពលោក ដូច្នេះប្រសិនបើជប៉ុនចាប់ផ្តើមបើករោងចក្រថាមពលដើរដោយនុយក្លេអ៊ែរឡើងវិញកាន់តែច្រើន នោះជប៉ុននឹងនាំចូល LNG តិចជាងមុន ហើយ LNG កាន់តែច្រើននឹងមានលក់នៅលើទីផ្សារអន្តរជាតិ ពិសេសជួយអឺរ៉ុបឱ្យមានថាមពលប្រើប្រាស់ស្រួលឡើងវិញក្នុងរដូវរងា រយៈពេលប៉ុន្មានខែខាងមុខ ដែលនឹងអាចបង្កើនលទ្ធភាពផលិតឧស្ម័នធម្មជាតិសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក ដោយរោងចក្រមួយអាចផលិតឧស្ម័នបានប្រហែល១លានតោន។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ជប៉ុនមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរផលិតថាមពលកំពុងដំណើរការចំនួន ៦ ដែលមានសមត្ថភាពផលិតថាមពលបាន៥៥៤៦មេហ្គាវ៉ាត់៕ Reuters