ដីត្រពាំងអង្គ ឬហៅថាទួលអង្គលោកតា ទំហំ៤២៥៧ ម៉ែត្រការ៉េ នៅក្នុងភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ត្រូវគេរាយការមកថា មាននូវការឃុបខិតគ្នាជាប្រពន្ធ័ក្រោមរូបភាពស្នើសុំពីអ្នកភូមិលក់ទៅឱ្យឈ្មួញយកប្រាក់ចែកគ្នា។
ប្រភពច្បាស់ការបានឱ្យដឹងថា ដើមឡើយដីត្រពាំងអង្គនេះជាដីរួមភូមិសម្រាប់គោរពបូជាតាមជំនឿងតាំងពីដូនតាមក ដោយនៅទីនោះមានទួលអង្គបុរាណ និងស្រះទឹកព័ទ្ធជុំវិញ តែដោយសារការទន្ទ្រានយកចំណែកខ្លះនៃទួលអង្គនេះត្រូវបានក្លាយជាកម្មសិទ្ធិរបស់បុគ្គល។ ហើយពេលនេះដីត្រពាំងអង្គទំហំ៤២៥៧ម៉ែត្រការ៉េ ក៏លក់ឱ្យឈ្មួញបន្តទៀត ដោយចាក់ដីបំពេញទើបតែរួចរាល់កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១។
ខណៈកំពុងចាក់ដីបំពេញនេះ គេបានយកប្រាក់ពីឈ្មួញដី៣០% ទៅរត់ការធ្វើប្លង់ទន់ត្រឹមខណ្ឌយ៉ាងប្រញាប់ប្រញាល់ ចេញរួចរាល់ហើយដែរ។
ទាក់ទងការលើកឡើងនេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅជិតចូលនិវត្តន៍ មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយ។
ប្រភពព័ត៌មានបានបន្តឱ្យដឹងថា ដីខាងលើលក់ក្នុងម៉ែត្រការ៉េ២០០$ បើយក២០០$ គុណនឹង៤២៥៧ ស្មើនឹងទឹកលុយជាង៨៥ម៉ឺនដុល្លារ។ ក្នុងនោះគេបែងចែកជា៣ចំណែកទីមួយអាជ្ញាធរសង្កាត់យក៣០$ក្នុងមួយម៉ែត្រការ៉េ ដោយលើកហេតុផលថា សេវារត់ការ ចំណែកទី២ លើក្រុមអ្នកតំណាងពលរដ្ឋជាង១០នាក់ យកកម្រៃជើងសារ២០$ក្នុងមួយម៉ែត្រការ៉េ និងសល់១៥០$ ក្នុងមួយម៉ែត្រការ៉េសសម្រាប់អ្នកភូមិចែកគ្នា។ ក្នុងនោះអ្នកភូមិ៦គ្រួសារ ក្នុងចំណោមអ្នកភូមិសរុប៩៥គ្រួសារ ដំបូងឡើយមិនយល់ព្រមចូលរួមលក់នោះទេតែក្រោយមកមានការកោះប្រជុំពីអាជ្ញាធរសង្កាត់ក៏យល់ព្រម ដែលគេដឹងថាមានជាប់ពាក់ព័ន្ធនឹងក្រុមកក់ជេដីសហការជាមួយលោកចៅសង្កាត់ទុកលក់ឱ្យក្រុមខ្លួនដើម្បីបានចំណេញ ព្រោះដើមឡើយពលរដ្ឋមួយក្រុមអ្នករៀបដីនឹងលក់ដែរមិនបានសម្រេចនោះទេ។
គូរំលឹកថា កន្លងទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានធ្លាប់មានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរទាំងអស់ឱ្យរក្សាដីរួមភូមិទុកកុំលក់ដូរ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមយូរអង្វែង ដោយប្រែដីទាំងនោះទៅកន្លែងហាត់ប្រាណ ឬទីលានកីឡាជាដើម៕