អាម៉េរិកត្រៀមប្រាក់ ២៥លានដុល្លារ ដើម្បីជួយក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជា

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 5 សីហា 2022
អាម៉េរិកត្រៀមប្រាក់ ២៥លានដុល្លារ ដើម្បីជួយក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជា

លោក អ៊ាន់តូនី ប្លីនខេន Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាម៉េរិក កាលពីថ្ងៃទី៤ សីហា២០២២ បានប្រកាសពី “គម្រោងកម្ពុជាហាវែស III” ក្នុងទំហំប្រាក់ ២៥លានដុល្លារអាម៉េរិកដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជាដែលមានរយៈពេល ៥ ឆ្នាំគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។

លោករដ្ឋមន្ត្រី Blinken ថ្លែងថា “យើងជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើងត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ”។ 

អាម៉េរិកត្រៀមប្រាក់ ២៥លានដុល្លារ ដើម្បីជួយក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជា

គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យាស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញបង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ។ គម្រោងនេះ នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ 

ក្នុងរយៈពេលគម្រោង ៥ ឆ្នាំនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបាន ៣៩លានដុល្លារ ក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង ៣ពាន់កន្លែង ជួយដល់បណ្តារធុរកិច្ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានហិរញ្ញប្បទាន ១៥លានដុល្លារ និងរកបាន១០០លានដុល្លារ ពីការលក់៕ SP

អាម៉េរិកត្រៀមប្រាក់ ២៥លានដុល្លារ ដើម្បីជួយក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជា