បេក្ខជនមេឃុំ មកពីគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនដោយអនុវត្តតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធករណីប្លន់កាលពី ២០ឆ្នាំមុន។
ការចាប់ខ្លួនខាងលើនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅស្ថិតក្នុង ភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រពភព័ត៌មានបានឱ្យដឹងថា ជនត្រូវចាប់ខ្លួននោះ មានឈ្មោះឌុក សារ៉ុម ហៅញឹម សារ៉ុម ហៅឌុក រ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅក្នុង ភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១២ ដ.ក/២០១២ ចុះថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោកស៊ិត វណ្ណ: ចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ ចោទប្រកាន់ពីបទប្លន់ ដែលប្រព្រឹត្តកាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២ ត្រង់ចំណុចភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដីកាបញ្ជាឱ្យចាប់ខ្លួនរបស់លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំមីនា ឆ្នាំ២០១២ ក្រោមការចោទប្រកាន់ពីបទប្លន់ តាមមាត្រាបញ្ញាតិ មាត្រា៦ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ដែលប្រព្រឹត្តនៅភូមិជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។
សូមបញ្ជាក់ថា លោក ញឹម សារ៉ុម បេក្ខជនដែលទើបជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោងខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់កាលពី២០ឆ្នាំមុន ក្នុងឆ្នាំ២០០២៕ SP