ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានរអិលដួលកង់ នៅត្រង់ចំណុចឧទ្យានជាតិ ខេបភេនឡូហ្វិន (Cape Henlopen State Park) កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនាគ្រាដែលគាត់បានរៀបចំឈប់កង់ដែលគាត់កំពុងតែជិះ ដើម្បីសម្តែងនូវការស្វាគមន៍ទៅកាន់អ្នកគាំទ្រ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ក្នុងកំឡុងដំណើរកម្សាន្តចុងសប្តាហ៍របស់គាត់ ទៅកាន់តំបន់ឆ្នេរ រ៉េហូបូស្ហ (Rehoboth) ក្នុងរដ្ឋដេឡាវៃ (Delaware)។
លោកប្រធានាធិបតី និយាយថា មូលហេតុដែលបណ្តាលឱ្យ ដួលកង់គឺដោយសារតែទាក់ស្បែកជើងជាមួយនឹងឈ្នាន់កង់ដោយចៃដន្យពេលគាត់ប្រុងចុះពីលើកង់ តែមិនជាបញ្ហាអ្វីនោះទេគ្រាន់តែឈឺជើងបន្តិចបន្តួច។ ក្រោយពីកើតមានហេតុដួលកង់ដោយចៃដន្យនេះ លោក បៃដិនក៏បានចំណាយពេលជជែកជាមួយអ្នកគាំទ្រជាច្រើននាទី។
លោកបៃដិន ក៏បានថ្លែងទៅកាន់អ្នកសារព័ត៌មានដែរថា លោកកំពុងធ្វើការសម្រេចចិត្តលើការបន្ធូរបន្ថយពន្ធរបស់ចិន មកកាន់សហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗនេះ លោកគ្រោងនឹងជជែកពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ពាក់ព័ន្ធក្នុងរឿងនេះ៕Reuters