ហិង្សានេះដោយសារតែទំនាស់ពាក្យសម្ដី នាំឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងម្នាក់យកដំបងវាយទៅលើមន្ត្រីនគរបាលគ្នាឯងបណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅក្នុងពាក្យបណ្ដឹងលោកវរ:សេនីយ៍ត្រី ហែម វិបូឡា អធិបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី ខ្លួនបានយាមនៅមាត់ច្រកអន្តរជាតិដូង លុះដល់ម៉ោង២០០០នាទី ក៏ឈ្មោះ ហេង គឹមសៀង ភេទប្រុស ជានគរបាលដូចគ្នាក៏មកយាមបន្តពីវេនរបស់ខ្លួន ពេលនោះគាត់ស្លៀកពាក់អាវយឺតស ទ្រនាប់ជើងផ្ទាត់ ខ្លួនឃើញអ៊ីចឹងក៏និយាយថាធ្វើជានគរបាលមកបំពេញការងារមិនពាក់អាវឯកសណ្ឋាន ហើយឈ្មោះ ហេង គឹមសៀង ស្រែកថាអីហា រួចខ្លួនក៏ឡើងម៉ូតូមកផ្ទះ។ លុះដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០នាទីខ្លួនកំពុងតែយាមនៅមាត់ច្រកអន្តរជាតិដូង ឈ្មោះ ហេង គឹមសៀង បានជិះរថយន្តរបស់គាត់ទៅឈប់ក្នុងកាស៊ីណូ រួចគាត់ក៏ដើរសំដៅមករកខ្លួនរួចសួរថា ហែងមេចចេះតែរករឿងអញចឹង ខ្លួនឆ្លើយថាមិនដឹងទេ រួចឈ្មោះ ហេង គឹមសៀង ក៏យកដំបងមកវាយក្បាលខ្លួនបែកផ្នែកខាងលើ និងចំក្រោមចង្កា បណ្តាលឱ្យរងរបួស។ ហើយលោកក៏បានដាក់បណ្តឹងដោយសំណូមពរឱ្យសមត្ថកិច្ចយកឈ្មោះ ហេង គឹមសៀង ដែលវាយក្បាលខ្លួនចាត់ការតាមនីតិវិធីច្បាប់។
ទាក់ទងករណីដែល 1Post មិនទាន់អាចសុំការបញ្ជាក់ពីជនត្រូវចោទលោក ហេង គឹមសៀង ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការច្រកទ្វារអន្តរជាតិដូង បាននៅឡើយនៅថ្ងៃទី១៩ មិថុនាឆ្នាំ២០២២៕