រទេះភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង មួយគ្រឿងផ្សេងទៀតបានបុករថយន្តដឹកដំឡូងមីអូសជិត២០០ម៉ែត្រ បណ្ដាលឱ្យឡាប់រថយន្តផ្ងារជើងកំពិតពាក់កណ្តាលទ្រុងនិងរថភ្លើងកំពិតមុខខាងស្តាំ។ វីដេអូ https://fb.watch/dHTpKzUWr-/
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកមង្គលបូរីបានឱ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺរថភ្លើងដែលមានលេខពីមុខ៦៦៥៧ បានបើកបរពីខេត្តបាត់ដំបងមកខេត្តបន្ទាយមានជ័យនៅពេលមកដល់ចំណុចផ្លូវបំបែកប្រមាណ២០០ម៉ែត្រពីផ្លូវជាតិលេខ៥ដែលតភ្ជាប់ពីភូមិអូរស្ងួតស្រុកមង្គលបូរី ទៅ ស្រុកបវិល ខេត្តបាត់ដំបង ក៏បានបុកពេញទំហឹងចំពាក់កណ្តាលនៃរថយន្តធុនធំពាក់ស្លាកលេខភ្នំពេញ3D.5575 អូសជិត២០០ម៉ែត្រ។
ក្រោយកើតហេតុរថភ្លើងបុករថយន្តនេះបណ្តាលឱ្យកកស្ទៈចរាចរណ៍យានយន្ត លើផដងផ្លូវទៅជិត១គីឡូម៉ែត្រ ហើយត្រូវបានកម្លាំងនគរបាលស្រុកនិងកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះមកសម្រួលចរាចរណ៍ ដោយឱ្យរថភ្លើងថយក្រោយផុតពីកាត់ទទឹងផ្លូវ ដើម្បីបើកឱ្យចរាចរណ៍ទៅមកបាន។
អ្នកបើកបររថយន្តឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង លោកបានដឹកដំឡូងមីស្ងួតពីខេត្តឧត្តរមានជ័យ គោលដៅដឹកទៅព្រំដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងដែលមានរថយន្តដឹកដំឡូងមីចំនួន ៣គ្រឿង រថយន្តទី១ បានចេញផុត ហើយរថយន្តទី២ក៏ត្រូវរទេះភ្លើងបុកតែម្ដង។
ទាក់ទងករណីគ្រោះថ្នាក់ស្ទួនៗគ្នានេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីភាគីក្រុមហ៊ុន Royal Reilway របស់អ្នកឧកញ៉ា គិត ម៉េង បាននៅឡើយ។
សូមរម្លឹកថា កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ រទេះភ្លើងក្រុមហ៊ុន Royal Reilway មួយនេះទើបតែបុករថយន្តប្រជាពលរដ្ឋមួយករណីនៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង គ្រាកន្លងទៅនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ បានបុករថយន្តពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២ករណី និងបុករទេះភ្លើងគ្នាឯង មួយករណីនៅខេត្រព្រះសីហនុ នេះមិនទាន់រាប់អស់នៅឡើយ ចំពោះករណីគ្រោះថ្នាក់ជាច្រើនទៀតដែលបានកើតឡើងស្ទើភ្លេចនាពេលកន្លងមក។
នៅក្នុងនោះបើតាមវីដេអូអប់រំរបស់ក្រសួងសាធារណៈការ បានក្រើនរំលឹកដល់ពលរដ្ឋអ្នកបើកបរទាំងឡាតោងប្រយ័ត្នឱ្យបានខ្ពស់រាល់ការធ្វើដំណើរឆ្លងផ្លូវរថភ្លើង ត្រូវគោរពតាមកែណែនាំរបស់ឆ្មាំ និងឈប់ឃ្លាតយ៉ាងតិច២ម៉ែត្រពីផ្លូវរទេះលើង និងមានបំរាមមួយចំនួនទៀតដើម្បីជាវិធានសុវត្ថិភាពផងដែរ។ ចុះបើករណីទីតាំងខ្លះគ្មានប៉ារ៉ាស់ឃាំង និងគ្មានឆ្មាំចាំមើល ចាំសម្រួលចរាចរណ៍ តើត្រូវមានវិធានការ និងនីតិវិធីយ៉ាងណា?៕