សារព័ត៌មាន Reuters បានផ្សាយថា ទាហានរុស្ស៊ីបានធ្វើការបាញ់បំផ្ទុះបំផ្លាញស្ពានដ៏ធំមួយឆ្លងកាត់ទន្លេដែលតភ្ជាប់ ទីក្រុង Sievierodonetsk ទៅកាន់ទីក្រុងមួយផ្សេងទៀត ដើម្បីកាត់ផ្តាច់ផ្លូវសម្រាប់ជម្លៀសប្រជាជនស៊ីវិលដែលកំពុងតែស្ថិតនៅក្នុងភាពគ្រោះថ្នាក់។
ទីក្រុង Sievierodonetsk នាពេលនេះបានកំពុងក្លាយទៅជាចំណុចកណ្តាលដ៏ក្តៅគគុកក្នុងDonbas ភាគខាងកើតអ៊ុយក្រែន ដែលទាងហ៊ានរុស្ស៊ី ប៉ុនប៉ងឈ្លានពានដណ្តើមយកមកគ្រប់គ្រងទាំងស្រុង ដែលមានការប្រយុទ្ធបង្ហួរឈាមគ្នាជារៀងរាល់ថ្ងៃ។
លោក Serhiy Gaidai អភិបាលក្រុងនៃ Luhansk បានឲ្យដឹងថា មកទល់ត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ទាហានរបស់អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តប្រយុទ្ធគ្នាយ៉ាងសកម្មនៅតាមដងផ្លូវនាទីក្រុង Sievierodonetsk ខណ:កងកម្លាំងរបស់រុស្ស៊ីបានដណ្តើមយកកាន់កាប់ទឹកដីភាគច្រើននៅក្នុងទីក្រុងនេះ។
ដោយឡែកនៅតំបន់ឧស្សាហកម្ម និងរោងចក្រគីមី Azot កំពុងមានជនស៉ីវិលប្រហែល ៥០០នាក់ជ្រកកោន ទាហានរុស្ស៊ីមិនទាន់គ្រប់គ្រងទេ ហើយអ៊ុយក្រែនកំពុងរកវិធីជម្លៀសពួកគេចេញជាបន្តបន្ទាប់ មុនគ្រោះមកដល់។
សូមជម្រាបថា លោក Volodymyr Zelenskyy ក៏បាននិយាយដែរថា គោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ី គឺមិនផ្លាស់ប្តូរនោះឡើយ ពួកគេកំពុងតែព្យាយាមដាក់សម្ពាធនៅក្នុងទីក្រុងSievierodonetsk ដោយការប្រយុទ្ធតស៊ូដ៏អាក្រក់កំពុងតែកើតមានឡើង ខណ:ពេលទាហានរុស្ស៉ី ព្យាយាមដាក់ពង្រាយកម្លាំងបន្ថែមទៀត៕