ធនាគារពិភពលោក World Bank បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ ថាខ្លួនបានអនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជនបទទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។
កញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្ត គម្រោងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ អាស៊ីអាគ្នេយ៍នៅកម្ពុជាដំណា ក់កាល ទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត ជាជំនួយរបស់ប្រទេសជប៉ុន និងចំនួន២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយ បង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការ ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ អាកាសធាតុផងដែរ។
មួយវិញទៀតមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទនឹងទទួលបានការបណ្តុះបណ្តាលលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការ វាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។
ក្រៅពីនេះប្រជាជនចំនួនប្រហែល ៥,៥ លាននាក់ ក្នុងនោះ ៥២ ភាគរយជាស្ត្រីនៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ៕