អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិមួយចំនួនមកវិញពីកងទ័ពរុស្ស៊ីនៅភាគខាងជើង និងភាគឦសានទីក្រុង Kharkiv ដោយបញ្ជាក់ពីការវាយរុញច្រានប្រឆាំងដែលអាចបង្ហាញសញ្ញានៃការផ្លាស់ប្តូរសន្ទុះសង្គ្រាម និងធ្វើឱ្យមានហានិភ័យដល់ការរុលទៅមុខរបស់រុស្ស៊ី។
មន្ត្រីសារព័ត៌មាននៅជាមួយកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់បាននិយាយថា កងទ័ពអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានដណ្តើមមកវិញ នូវទីតាំងលំនៅឋានក្នុងភូមិជាច្រើននៅភាគខាងជើងទីក្រុងធំទី២ របស់ប្រទេសអ៊ុយក្រែន។ ទីប្រឹក្សាក្រសួងការពារជាតិលោក Yuriy Saks បាននិយាយថា ជោគជ័យរបស់អ៊ុយក្រែនគឺបានរុញច្រានកងកម្លាំងរុស្ស៊ីចេញពីទីក្រុង Kharkiv មានទីតាំងនៅភាគឦសាន ដែលស្ថិតនៅក្រោមការបាញ់ផ្លោងឥតឈប់ឈរចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ កងទ័ពអ៊ុយក្រែនអាចរុញច្រានឧក្រិដ្ឋជនសង្គ្រាមទាំងនេះ ទៅកាន់ខ្សែបន្ទាត់ហួសពី លទ្ធភាពនៃកាំភ្លើងធំរបស់ពួកគេ។
នៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីចារកម្មកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា សង្គ្រាមកំពុងស្ថិតក្នុងភាពទាល់ច្រក។ ប្រធានាធិបតីលោក Vladimir Putin ហាក់ដូចជាកំពុងត្រៀមសម្រាប់ជម្លោះយូរអង្វែង ហើយជ័យជម្នះរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនទំនងជាមិនអាចបញ្ចប់សង្គ្រាមបានទេ៕