
កម្ពុជាបដិសេធរបាយការណ៍អាមេរិក ស្តីពីការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១ ដែលថាមានកងកម្លាំងមួយចំនួនជាប់ពាក់ព័ន្ធអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើនិទណ្ឌភាព។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលមានកម្រាស់ជាង៤០ទំព័រ ជាភាសាអង់គ្លេសចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា ខ្លួនមានរបាយការណ៍ដែលគួរឱ្យទុកចិត្តថា មានមន្ត្រី ឬកងកម្លាំងមានសមត្ថកិច្ចមួយចំនួន ដែលជាអ្នករក្សាសន្តិសុខ រួមមាន នគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរស៊ីវិល ដែលជាក្រុមប្រដាប់អាវុធរបស់គណបក្សកាន់អំណាចនៅកម្ពុជា បានពាក់ព័ន្ធនឹងអំពើរំលោភបំពានសិទ្ធិមនុស្ស។
របាយការណ៍ដដែលបានសរសេរថា៖ «អាជ្ញាធរស៊ីវិលបានរក្សាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើកងកម្លាំងសន្តិសុខ ដែលជួនកាលបានគំរាមកំហែងកម្លាំងប្រឆាំងនឹងអ្នកប្រឆាំងសម្ដេច ហ៊ុន សែន ហើយជាទូទៅត្រូវបានគេយល់ថា ជាក្រុមប្រដាប់អាវុធរបស់គណបក្សកាន់អំណាច។ មានរបាយការណ៍គួរឱ្យទុកចិត្តថា សមាជិកនៃកងកម្លាំងសន្តិសុខបានប្រព្រឹត្តការរំលោភបំពានមួយចំនួន»។
ក្រៅពីនោះ របាយការណ៍ក៏រកឃើញដែរថា កម្ពុជានៅតែមានបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការជ្រៀតជ្រែកតាមទំនើងចិត្តក្នុងជីវិតឯកជនរបស់ប្រជាពលរដ្ឋ ការតាមដានការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឹណិត ជាដើម។ ស្របគ្នានេះ ក៏មានករណីអំពើហិង្សា និងការគំរាមកំហែង ការចាប់ខ្លួន ឬការកាត់ទោសអ្នកសារព័ត៌មាន ដោយអយុត្តិធម៌ និងបញ្ហាមួយចំនួនទៀតទលើប្រព័ន្ធយុត្តិធម៌។

ទាក់ទងនឹងរបាយការណ៍នេះ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលបានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោកថា អាជ្ញាធរទៅវិញទេ ដែលមានភាពអត់ធ្មត់និងបានបំពេញតួនាទីតាមនីតិវិធី តាមច្បាប់ និងគោរពតាមសិទ្ធិមនុស្សត្រឹមត្រូវ នៅក្នុងការដោះស្រាយបញ្ហាកូដកម្មកន្លងមក។ លោកបន្តថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ មិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជានោះឡើយ។
លោកថា៖ «ទីមួយក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិកនេះ យើងឃើញថា មានបញ្ហាមួយចំនួនដែលមិនបានឆ្លើយតប មិនបានអង្កេតច្បាស់លាស់នូវអ្វីដែលកើតឡើងនៅកម្ពុជាយើងឧទាហរណ៍ដូចជា ការចោទប្រកាន់កម្លាំងសន្តិសុខ ការចោទប្រកាន់មកលើអាជ្ញាធរការចោទប្រកាន់មកលើរដ្ឋាភិបាល ដូច្នេះយើងឃើញថា អ្វីដែលកើតឡើងកន្លងមកនេះ គឺអាជ្ញាធរយើងទេ ដែលមានភាពអត់ធ្មត់ មានភាពបំពេញតួនាទីតាមនីតិវិធី តាមច្បាប់ តាមសិទ្ធិមនុស្សត្រឹមត្រូវ នៅក្នុងការដោះស្រាយបញ្ហាកូដកម្មកន្លងមក មិនបានប្រើប្រាស់នូវវិធានការបង្ក្រាបដូចនៅអាមេរិក ដូចនៅបណ្តាប្រទេសមួយចំនួនទេ» នេះបើតាមការផ្សាយរបស់សារព័ត៌មាន វីអូឌីVOD។
គួររម្លឹកថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកឆ្នាំ២០២១ បានវាយតម្លៃទៅលើការគោរពស្ថានភាពសិទ្ធិមនុស្សនៅលើប្រទេសនិងដែនដីចំនួន១៩៨ នៅលើពិភពលោក ក្នុងនោះសម្រាប់កម្ពុជា អាមេរិកបានកត់សម្គាល់ថា ក្នុងឆ្នាំ២០២១កន្លងទៅ មានករណីរំលោភបំពានសិទ្ធិមនុស្សគួរឱ្យកត់សម្គាល់ ដែលប្រព្រឹត្តដោយរដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ ការឃុំឃាំងមនុស្សតាមអំពើចិត្ត និងការប្រព្រឹត្តប្រឆាំងអ្នកទោសនយោបាយជាដើម៕