ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មើលឃើញថានៅកម្ពុជា ឱ្យតែដល់ឱកាសពិធីបុណ្យសំខាន់ៗរបស់ជាតិ ដូចជា បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ជាដើមអ្នកប្រកបរបរដឹកជញ្ជូនអ្នកដំណើរតែងយកឱកាសនោះមកដំឡើងថ្លៃឈ្នួល បើទោះមានការអំពាវនាវនានាពីរដ្ឋាភិបាលក៏ដោយ។
ដោយឡែក លោកថា នៅឆ្នាំនេះនៅមិនទាន់ឃើញមានសកម្មភាពនៃការសម្រួលណាមួយរបស់រដ្ឋាភិបាល ដើម្បីជួយដល់ពលរដ្ឋដែលមិនមានលទ្ធភាពក្នុងការធ្វើដំណើរទៅស្រុកកំណើតនៅឡើយ។
លោកថា៖ «ប៉ុន្មានឆ្នាំមុន យើងឃើញថា សាលារាជធានីភ្នំពេញបានចេញឡានក្រុងរបស់ខ្លួនដឹកប្រជាពលរដ្ឋ free [មិនគិតថ្លៃ] ទៅតាមបណ្ដាខេត្ត។ តែឆ្នាំនេះយើងហាក់ដូចមិនទាន់មានវិធានការណាមួយក្នុងការជួយសម្រួលទៅដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពទៅលេងស្រុកកំណើតនៅឡើយទេ ហើយក៏មិនទាន់មានការអំពាវនាវណាមួយចំពោះរថយន្តឈ្នួលទាំងអស់នោះ មិនថារថយន្តក្រុមហ៊ុន ឬឯកជននោះទេ»។
ករណីនេះ លោក វន់ ពៅ បានជំរុញដល់រដ្ឋាភិបាលគួរមានវិធានការប្រាកដជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងការដាក់តម្លៃជាក់ជាក់សម្រាប់ការដឹកអ្នកដំណើរ ហើយម្ចាស់ចំណតរថយន្តឈ្មួលក៏មិនត្រូវមានការឡើងថ្លៃដែរ ព្រោះវាអាចធ្វើឱ្យរថយន្តឈ្នួលទាមទារឡើងតម្លៃថ្លៃតៗគ្នាដល់ អ្នកដំណើរដែរ។
លោកថា បើរដ្ឋមិនមានការយកចិត្តទុកដាក់លើការធ្វើដំណើររបស់ពលរដ្ឋនាឱកាសបុណ្យជាតិនេះទេ ពលរដ្ឋ កម្មករនឹងបាត់ឱកាសជួបជុំគ្រួសារ ខកខាននូវឱកាសរីករាយចូលរួមបុណ្យជាតិខណៈពួកគេបានខកខាន២ឆ្នាំរួចមកហើយ៕ ប្រភព: VOD