
រឿងប្រែ១០០ដឺក្រេ ពីគប់ដុំថ្មបណ្ដាលឱ្យគោងាប់ បែជាក្រោយមកធ្លាយព័ត៌មានមកថាលោកអភិបាលស្រុកសាមគ្គីមានជ័យខឹងគោចូលស៊ីស្មៅមុខសាលាស្រុក បានទាញយកកាំភ្លើងខ្លីរបស់ខ្លួនបាញ់បណ្ដាលឱ្យគោប្រកាច់ងាប់ភ្លាមៗ។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងរួមដំណើរជាមួយប្រធានការិយាល័យព្រហ្មទណ្ឌផងនោះបានចុះធ្វើការស្រាវជ្រាវជុំវិញករណីល្បីថា យកដុំថ្មគប់គោងាប់ បានរកឃើញថាងាប់ដោយគ្រាប់កាំភ្លើង ដែលគេសង្ស័យជាកាំភ្លើងលោកអភិបាលស្រុក។
ក្រោយមកលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គោ១ក្បាលងាប់នៅមុខសាលាស្រុក កាលពីរសៀលថ្ងៃទី៣០ ខែមេសា ពិតជាការបាញ់ស្ដារកាណុងកាំភ្លើងរបស់លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យពិតមែន។ដោយសារកាលពីរសៀលថ្ងៃនោះមេឃរកកលភ្លៀង លោកអភិបាលស្រុកយកកាំភ្លើងខ្លីបាញ់ភ្ជុចដី ដើម្បីស្ដារកាណុង តែចៃដន្យក៏ផ្លាតទៅត្រូវគោមួយក្បាលបណ្ដាលឱ្យងាប់។តែលោកនាំពាក្យរូបនោះមិនបញ្ជាក់កាំភ្លើងម៉ាកអ្វីនោះទេ។
បច្ចុប្បន្នករណីលោកអភិបាលបាញ់កាំភ្លើងបណ្ដាលឱ្យគោងាប់នេះ សាធារណៈជនអ្នកតាមដានអង្គហេតុនៅឆ្ងល់ថា ហាក់នៅមិនទាន់បង្ហាញការពិតឱ្យអស់នៅឡើយទេ ខណៈសំណុំរឿងស្ថិតនៅលើដៃស្នងការដ្ឋនគរបាលខេត្តកំពង់ឆ្នាំង៕

