ភ្នំពេញ៖ នៅថ្ងៃទី៣ មករា នេះនាយករដ្ឋមន្ត្រីកម្ពុជាតេជោសែន ចូលរួមជាអធិបតីបើកដំណើរការគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងដែលគ្រោងប្រើប្រាស់ថវិកា ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៤ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ផ្លូវនេះមានពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ផ្លូវ ៤គន្លងមានប្រវែង ២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ។
សូមបញ្ជាក់ថា គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ បញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ដែលសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ក្នុងនោះក៏មានកញ្ចប់ថវិការសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕ SP