
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបជនសង្ស័យជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមបច្ចេកវិទ្យា។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លើបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ាមុខរបរអាជីវករ ស្នាក់នៅរាជធានីភ្នំពេញ។

ជននេះជាមុខសញ្ញាសកម្មតែងតែងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយធ្វើជាសុំស្រឡាញ់ និងរាប់អានធ្វើជាមិត្តភក្តិទៅជនរងគ្រោះដោយប្រាប់ថា ខ្លួនរស់នៅក្រៅប្រទេសមានកញ្ចប់ឥវ៉ាន់ត្រូវផ្ញើមកឱ្យ មានសម្ភារៈជាច្រើនដូចជា កាបូប ប្រាក់ដុល្លាអាមេរិកនិងមាសមួយចំនួន និងបានបង្កើតហេតុការផ្សេងៗ ឱ្យជនរងគ្រោះបង់ប្រាក់ជាបន្តបន្ទាប់ រហូតលែងមានលទ្ធភាពបង់មកឱ្យខ្លួនទើបបិទទូរសព្ទ និងបណ្ដាញសង្គមនានាលែងទំនាក់ទំនងបាន។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមធ្វើការក្រើនរំឮកដល់បងប្អូន ដែលតែងតែប្រើប្រាស់បណ្ដាញសង្គមនានា សូមមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូច ដែលប្រើមនោសញ្ចេតនាដើម្បីលួងលោមបោកប្រាស់ ដោយសន្យាផ្ញើសម្ភារៈមានតម្លៃ ឬត្រូវប្រាក់រង្វាន់នានា៕ SP
