ភ្នំពេញ៖ ការចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០ មីលីក្រាម) ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ តទៅនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថិតនៅអគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។
បើតាមសេចក្ដីជូនដំណឹងក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។
សូមបញ្ជាក់ថា ឱសថនេះត្រូវចែកចាយ ក្នុងតម្លៃ ៥៥ដុល្លារអាមេរិក ក្នុង១ដូស (១ដូសស្មើនឹង១កំប៉ុង មាន ៤០គ្រាប់) ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនក្រោមលក្ខខណ្ឌ៖
* បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ ដល់ ១០ដូស។
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០ដូស(ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្ត មិនលើសពី៦៥ ដុល្លារក្នុង១ដូស។
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច២សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ៕ SP