លោក ម៉ៅ សានសូណា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ទទួលបន្ទុកចល័ត និងមានទីតាំងរោងប្រចាំការឈរជើងឥតលើកស្លាកសម្គាល់ហាក់ដូចជាកុងត្រូលជជុះនៅជាប់ផ្លូវជាតិលេខ ៤៨ ក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានរងការចោទថា ប្រើរថយន្តស្លាកលេខរដ្ឋ និងរថយន្តគ្នីគ្នាពាក់ស្លាកលេខស៊ីវិលម៉ាកប្រូសមកឈរជើងនៅរង្វង់មូលសាយភូថងដើម្បីប្រដេញឃាត់ស្ទាក់រថយន្តអ្នកដឹកទំនិញទារប្រាក់។
ប្រភពពីពលរដ្ឋបានឱ្យដឹងថា លោក សានសូណា អនុវត្តន៍ច្បាប់ល្មើសក្រមសីលធម៌ សម្ដីឈ្លើយអញហែងសម្លុតឱ្យពលរដ្ឋរើទំនិញបើកតង់ បើកទ្វារ និងគំរាម យកប្រាក់ពីពលរដ្ឋអ្នកស៊ីឈ្នួលដឹកទំនិញក្នុងស្រុកដែលមានជារបស់ប្រើប្រាស និងចំណីអាហារ។ ជនជាតិចិនដឹកបន្លែក៏បានរអ៊ូរទាំប្រាប់អាជ្ញាធរភូមិថា មានលោកគយនៅចំណុចខាងលើដេញស្ទាក់ឃាត់សួររកលិខិតស្នាមទាមទារលុយ រហូតចិនធុញឱ្យ២០ដុល្លារទើបព្រម។ អ្នកភូមិស៊ីឈ្នួលដឹកគ្រឿងសមុទ្រចេញពីឃុំថ្មសក៏ត្រូវលោកគយនោះចោទថា ជាទំនិញនាំមកពីប្រទេសថៃទាំងគ្មានភស្តុតាងពិតប្រាកដទាលុយ២០០ដុល្លារចុងក្រោយពលរដ្ឋធុញនិងខ្លាចខូចគុណភាពសាច់ក៏ព្រមឱ្យលោក១០០ដុល្លារ។ ក្នុងនោះកាលពីថ្ងៃទី ០៨ សីហា ឆ្នាំ២០២៥ លោក សានសូណា ក៏បានដេញស្ទាក់ចាប់រថយន្តអ្នកស៊ីឈ្នួលដឹកប្រេងម៉ាស៊ីន ម៉ូទ័រ សម្បុកអ៊ែរ និងម៉ាស៊ីនវីស៊ីម៉ងត៍ ទិសដៅពីភ្នំពេញទៅថ្មស ដោយចោទថា បិទពន្ធក្លែងក្លាយ (ដែលដំបូងឡើយឃាត់តាមផ្លូវលោកគយទារប្រាក់លើទំនិញ២លាន និងរថយន្ត២លានរៀលគេមិនព្រមឱ្យ ក៏អូសទៅកន្លែងកុងត្រូលជជុះដែលឥតមានលើកស្លាកសម្គាល់ទារលុយ១៥០០ដុល្លារ ជាថ្នូរដោះលែងរថយន្ត បន្ទាប់ពីតថ្លៃលោកគយព្រមយក៣០០ដុល្លារ តែដកហូតទំនិញ។ ហើយគ្រប់អ្នកដឹកទំនិញលោកបង្គាប់បញ្ជាឱ្យបង់លុយ ២ម៉ឺនរៀលថ្លៃបាយទឹកក្នុងមួយជើង ទោះឱ្យ១ម៉ឺនប្រាំពាន់ក៏មិនព្រមដែរ។ សម្លេង
ទាក់ទងការលើកឡើងនេះលោក ម៉ៅ សានសូណា អនុប្រធានគយសាខាខេត្តកោះកុង បានឱ្យ 1Post ដឹងថា លោកចេះធ្វើការលើជំនាញរបស់លោកបានច្បាស់លាស់ ហើយប្រភពព័ត៌មានដែលគេឱ្យទៅអ្នកសារព័ត៌មាននោះ បំផ្លើសការពិតទាំងស្រុង។ ក្រោយតបដូចនេះហើយ ទិន្នន័យដែលមានជាសំណួរ និងរូបភាព ត្រូវបានលុបចោលទាំងអស់ ថែមទាំងប្លុកលេខផងទៀត តែយើងខ្ញុំបានថត Screen ទុកជាឯកសាររួចហើយ។
លោក ទុំ ណូ ប្រធានគយ និងរដ្ឋាករ សាខាខេត្តកោះកុង មិនទាន់អាចទំនាក់ទំនងសូមការបញ្ជាក់បាននៅឡើយទេត្រឹមវេលាចេញផ្សាយនេះ។
ទោះយ៉ាងនេះក្ដីក្រុមពលរដ្ឋអ្នករកស៊ីបន្តិចបន្តួចដែលផ្ញើទំនិញតាមឡានកំពុងផ្ដិតមេដៃប្ដឹងលោក ម៉ៅ សានសូណា អនុប្រធានគយសាខាខេត្តកោះកុង ទៅអាជ្ញាធរ និងថ្នាក់លើឱ្យចាត់វិធានការតាមនីតិវិធី កុំឱ្យធ្វើទុក្ខបុកម្នេញបន្តទៀត ព្រោះពួកគាត់រកស៊ីរាប់សិបឆ្នាំមកហើយ មិនដែលជួបសកម្មភាពធ្វើលើសជ្រុលហួសហេតុក្នុងកំឡុងពេលជិត១ឆ្នាំដែលលោកគយរូបនេះមកកាន់ការងារនៅភូមិស្រុករបស់ពួកគាត់៕ វីដេអូ៖ https://youtu.be/sDk7DutN3HU?si=RbDavCsxtkpGTVPk