
រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងពិចារណារឹតបន្តឹងបន្ថែមការធ្វើដំណើរចូលមកកាន់ទឹកដីរបស់ខ្លួន ទៅលើប្រទេសចំនួន ៣៦ផ្សេងទៀត ដែលភាគច្រើននៅក្នុងទ្វីបអាហ្រ្វិក និងតំបន់ការាបៀន គ្រាកន្លងទៅបានហាមឃាត់ជនជាតិនៃប្រទេសចំនួន ១២ រួចហើយ។ នេះបើតាមសារព័ត៌មាន Reuters បានចុះផ្សាយ។

បើតាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក បានបង្ហាញឱ្យដឹងថា ការរឹតបន្តឹងត្រូវបានចាត់ទុកថាពលរដ្ឋប្រទេសទាំងនោះអាចបង្កឱ្យមានការព្រួយបារម្ភលើបញ្ហាសុវត្ថិភាព និងការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់។
ទន្ទឹមនឹងនេះ អនុស្សរណៈមួយដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋលេខាធិការ លោក Marco Rubio កាលពីថ្ងៃទី១៤ ខែមិថុនា បាននិយាយថា ៖”នាយកដ្ឋានបានកំណត់អត្តសញ្ញាណលើប្រទេសចំនួន ៣៦ បន្ថែមទៀត ដែលអាចនឹងត្រូវស្នើសុំឲ្យមានការផ្អាកទាំងស្រុង ឬដោយផ្នែកនៃការចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ប្រសិនបើពួកគេមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងតម្រូវការដែលបានបង្កើតឡើងក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់” ។

ប្រទេសចំនួន ៣៦ ក្នុងបញ្ជីរួមមាន អង់ហ្គោឡា អង់ទីហ្គា បាប៊ូដា បេនីន ប៊ូតាន ប៊ូគីណាហ្វាសូ កាបូវើដ កម្ពុជា កាមេរូន កូតឌីវ័រ កុងហ្គោ ជីប៊ូទី ដូមីនីកា អេត្យូពី អេហ្ស៊ីប ហ្គាបុង ហ្គាំប៊ី ហ្គាណា កៀហ្ស៊ីស៊ីស្ថាន លីប៊ី ម៉ាឡាវី ម៉ូរីតានី នីហ្សេ នីហ្សេរីយ៉ា សេណេហ្គាល់ ស៊ូដង់ខាងត្បូង តង់ហ្សានី អ៊ូហ្គង់ដា ហ្សាំប៊ី ហ្ស៊ីមបាវ៉េ វ៉ានូអាទូ ទូវ៉ាលូ សាំងលូសៀ ស៊ីរី និង Sao Tome and Principe ជាដើម៕
