កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម និងជាអភិបាល ស្រុកចម្ការលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញលិខិតបដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ និងប្ដឹងទៅស្នងការខេត្តកំពង់ចាម។
លោកអភិបាលស្រុកបានបដិសេធថា «ខ្ញុំបាទ សំ ពិសិដ្ឋ សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា រូបថតរបស់ខ្ញុំ ត្រូវបានជនអគតិយកទៅប្រើប្រាស់ដាក់ក្នុង profile account Facebook ឈ្មោះ ក្មេងវត្ត ក្មេងវាំង មិនមែនជា account របស់ខ្ញុំទេ គឺជា account ក្លែងក្លាយ។អាស្រ័យហេតុនេះ សូមសាធារណៈជនកុំយល់ច្រឡំ»។
លោកបន្តថា ហ្វេសបុកឈ្មោះ «ក្មេងវត្ត ក្មេងវាំង» ដែលប្រើប្រាស់រូបលោក នោះបានបង្ហោះសម្មភាពភាពប្រឆាំងនឹងថ្នាក់ដឹកនាំដែលប្រាសចាកពីការពិត ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការយល់ច្រលំមកលើសមាគមន៍។
ពាក្យបណ្ដឹងរបស់លោកបានសរសេរថា ជនដែលមិនស្គាល់អត្តសញ្ញាណហើយប្រើប្រាស់រូបលោកនៅលើបណ្ដាញសង្គម បានផុសសរសេរថា ក្មេងវត្តចែងច្បាប់កម្ចាស់ក្មេងវាំង ប្រល័យប្រជាធិបតេយ្យ កម្ចាត់ព្រះសង្ឃ កម្ចាត់អ្នកប្រឆាំង កម្ចាត់អ្នកឯករាជ កម្ចាត់សង្គមស៊ីវិល និងមានច្បាប់ច្រើន ត្រូវចែងក្នុងន័យការពារអំណាចក្រកូល ហ៊ុន សែន ទាំងអស់ សូម្បីច្បាប់ (គជប) ក៏ក្មេងវត្តចែងដែរ និងអត្ថបទផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់កិត្តិយស របស់រាជរដ្ឋាភិបាល និងការងាររបស់លោកយ៉ាងខ្លាំង។
លោកក៏បានអំពាវនាវបន្ថែមដល់អាជ្ញាធរមានសម្មកិច្ចគ្រប់លំដាប់ថ្នាក់ជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូច ដែលបានបង្កើតអាខោនក្លែងក្លាយមួយនេះផងដែរ៕