ភ្នំពេញ៖ រថយន្តដឹកបេតុងមួយគ្រឿង បើកវាងបារ៉ាស់ដែក ផុងជម្រាលដី ក្រឡាប់ផ្ងារជើងចូលក្នុងប្រឡាយ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវបេតុងក្នុងភូមិដូនរ័ត្ន សង្កាត់ឳឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែក្នុងភូមិខាងលើ សាលារាជធានីភ្នំពេញទើបតែសាងសងហើយ ដើម្បីថែរក្សាការពារផ្លូវ ទើបអាជ្ញាធរខណ្ឌកំបូលដាក់បារ៉ាស់ដែកនៅដើមផ្លូវ និងចុងផ្លូវ មិនអនុញ្ញាតិឱ្យរថយន្តធន់ធំ រថយន្តដឹកធ្ងន់បើកឆ្លងកាត់នោះទេ ស្រាប់តែនៅវេលាម៉ោងខាងលើ រថយន្តដឹកបេតុង ម៉ាក FUSO ពណ៌ស គ្មានស្លាកលេខ បើកពីកើតទៅលិច ឃើញមានបារ៉ាស់កាត់ទទឹងផ្លូវ ក៏ព្យាយាមបើកវាង បែជាផុងជ្រេលដី ក្រឡាប់ផ្ងារជើងចូលក្នុងប្រឡាយ តែមិនបង្កឱ្យមានអ្នករងរបួស ខូចខាតតែរថយន្តនិងខ្ចាយបេតុងអស់៕