ការប្រកាសប្រគល់ភារកិច្ចកំពូលនេះបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋរបស់របបសឹកមីយ៉ាន់ម៉ា MRTV ដែលមានខ្លឹមសារថា លោក Min Aung Hlaing បានទទួលលិខិតផ្លូវការមួយពីការិយាល័យប្រធានាធិបតីស្តីទីកាលពីថ្ងៃចន្ទ។លិខិតនេះបានអនុញ្ញាតឱ្យលោកបំពេញភារកិច្ចជាប្រធានាធិបតីស្តីទីដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ ខណៈពេលដែលលោក Myint Swe កំពុងសម្រាកព្យាបាលជំងឺ ។
ប្រធានាធិបតី Myint Swe អាយុ ៧៣ឆ្នាំបានកើតជំងឺប្រព័ន្ធប្រសាទនិងកង្វះអាហារូបត្ថម្ភ។ ទោះបីលោកបានទទួលការព្យាបាលតាំងពីដើមឆ្នាំនេះក៏ដោយ ក៏លោកនៅតែមិនអាចអនុវត្តសកម្មភាពប្រចាំថ្ងៃធម្មតាបាននោះទេ រួមទាំងការបរិភោគអាហារផងដែរ។
លោក Myint Swe គឺជាអនុប្រធានាធិបតីនៅក្រោមរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហើយក្រោយមកត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីដោយរដ្ឋាភិបាលយោធាក្នុងកាលៈទេសៈ ដ៏ចម្រូងចម្រាស បន្ទាប់ពីរដ្ឋប្រហារទម្លាក់ លោកស្រី ស៊ូជី ក្នុងខែកុម្ភៈឆ្នាំ ២០២១។ ទោះបីជាលោកគ្រាន់តែជាប្រធានាធិបតីមួយរូបក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានពឹងផ្អែកលើលោកក្នុងការចុះហត្ថលេខាលើក្រឹត្យរបស់រដ្ឋាភិបាល និងផ្តល់នូវភាពស្របច្បាប់នៃការគ្រប់គ្រងដែលកំពុងតែតស៊ូដើម្បីទប់ស្កាត់សង្គ្រាមស៊ីវិលដែលកំពុងរីករាលដាល និងក៏មានតួនាទីគ្រប់គ្រងសេដ្ឋកិច្ចដែលមិនច្បាស់ លាស់ នេះ ។
លោក Min Aung Hlaing បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាច ខណៈលោកបានប្រកាសខ្លួនជា នាយករដ្ឋមន្ត្រីប្រាំមួយខែបន្ទាប់ពីការ ឡើងកាន់អំណាចក្រោយរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី។ ជាមួយគ្នានេះរដ្ឋាភិបាលរបស់លោកបានប្រកាសពន្យាពេលបោះឆ្នោតម្តងហើយម្តងទៀត ហើយនៅ លើកចុងក្រោយថា ខ្លួននឹងរៀបចំការបោះឆ្នោតថ្មីនៅឆ្នាំ ២០២៥ ប៉ុន្តែអ្នករិះគន់និយាយថា ការបោះឆ្នោតនេះនឹងមិនប្រព្រឹត្តិទៅយុត្តិធម៌នោះទេ៕ Al Jazeera