ចារកម្មអាមេរិកបានរកឃើញថា រុស្ស៊ីបាន ប៉ុនប៉ងធ្វើឃាតនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់ Rheinmetall ដែលបាននិងកំពុងផលិតគ្រាប់កាំភ្លើងធំ និងរថយន្តយោធាសម្រាប់អ៊ុយក្រែន។
ផែនការសម្លាប់នាយកប្រតិបត្តិ ក្រុមហ៊ុន Rheinmetall លោក Armin Papperger គឺជាផែនការមួយក្នុងចំណោមផែនការរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការធ្វើឃាតនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិនៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។ បើតាមសម្រង់សម្តីពីមន្ត្រីអាមេរិក និងប្រទេសលោកខាងលិចដែលមិនបញ្ចេញអត្តសញ្ញាណចំនួន ៥រូបបានឱ្យដឹងថា ផែនការនេះត្រូវបានរកឃើញតាំងពីដើមឆ្នាំ ២០២៤ មកម៉្លេះ។
ពាក់ព័ន្ធនឹងរបាយការណ៍នេះសហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសអាល្លឺម៉ង់ ហើយ ថាសេវាសន្តិសុខអាល្លឺម៉ង់មានសមត្ថភាពអាចការពារ លោក Papperger បាន។ នៅពេលត្រូវគេសួរក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន, អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះឡើយ តែបាននិយាយថារដ្ឋាភិបាលបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងនានាដែលខ្លួនបានប្រទះ។
ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន និងវិមានក្រឹមឡាំងមិនទាន់មានការធ្វើអត្ថាធិប្បាយភ្លាមៗនៅឡើយទេពាក់ព័ន្ធនឹងព័ត៌មានរស៊ើបនៃរបាយការណ៍ដែលទើបលាតត្រដាងនេះ៕