ចង់ឡើងភ្នំគីរីរម្យត្រូវបង់ប្រាក់សម្រាប់រថយន្តតូច១ម៉ឺនរៀល ម៉ូតូ១គ្រឿង២ពាន់រៀល និងមិនទាន់រាប់រថយន្តក្រុង រថយន្តតូរីស តែផ្លូវថ្នល់ និងស្ពានទ្រុឌទ្រោម ខុសពីភ្នំបូកគោ ផ្លូវស្មើល្អ ស្ពានបេតុងរឹងមាំ អត់តម្រូវឱ្យបង់ប្រាក់សូម្បី១សេន។ គ្រាដែលឧទ្យានជាតិគីរីរម្យភ្ញៀវទៅលេងមិនចេះដាច់ ពិសេសនៅថ្ងៃចុងសប្ដាហ៍យានយន្តរាប់រយគ្រឿង ពេលខ្លះដល់ពាន់គ្រឿង បើថ្ងៃឈប់សម្រាកបុណ្យទានកាន់តែច្រើនជាងនេះ។
ប្រភពដំណឹងបានឱ្យដឹងថា កន្លែងត្រូវបង់ប្រាក់នោះនៅចំណុចកុងត្រូលចង្កេះភ្នំគីរីម្យ ដែលមានក្រុមមន្ត្រីឧទ្យានុរក្សបរិស្ថានជាអ្នកឈរជើងចាំប្រមូលមិនលើកលែងសូម្បីព្រះសង្ឃ ពេលខ្លះមិនឱ្យវិក័យប័ត្រ ទាល់តែគេទាមទា អ្នកខ្លះក៏មិនចាប់អារម្មណ៍បង់ប្រាក់ហើយក៏មិនយកវិក័យបត្រ រីឯវិក័យប័ត្រនោះសឹករលុបមើលមិនចង់ស្គាល់ និងអត់សរសេរថ្ងៃខែឆ្នាំផងទៀត។ សម្លេង
ប្រភពបានបន្តថា ទៅកម្សាន្តនៅលើភ្នំគីរីរម្យត្រូវបង់ប្រាក់ពីរតង់ ១គឺបង់នៅកន្លែងមន្ត្រីបរិស្ថាន ២បើចង់ចូលទៅលេងនៅកន្លែងក្រុមហ៊ុន ឬ បុគ្គល ដែលទទួលបានសិទ្ធិអភិវឌ្ឍលើដីរដ្ឋ ត្រូវបង់ប្រាក់ឱ្យអ្នកទាំងនោះម្ដងទៀតចាប់ពី១ម៉ឺនរៀលក្នុង១រថយន្តតូច។
ទាក់ទងសកម្មភាពនេះលោក ច័ន្ទថេត ឋានរៈ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ មិនទាន់មានការបញ្ជាក់នៅឡើយ បានត្រឹមសរសេរត្រឡប់មកវិញថា អរគុណ បន្ទាប់ពីទទួលសារសំណួរពីក្រុមការងារ 1Post។
ចំណែកលោក ខន សុខុន នាយកឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មិនទាន់អាចសុំការបញ្ជាក់បានទេ ដោយខលមិនលើក និងមិនឆ្លើយតបសារសំណួរដែលក្រុមការងារ 1Post បានផ្ញើជូន។
ទោះយ៉ាងនេះក្ដីពលរដ្ឋបានខ្សឹបខ្សៀវបញ្ចេញមតិថា បើមន្ត្រីរដ្ឋតម្រូវឱ្យពលរដ្ឋបង់ប្រាក់ហើយ គួរណាធ្វើការងារឱ្យបានត្រឹមត្រូវ ហ្មត់ចត់ ឱ្យមានតម្លាភាព រៀបចំបរិស្ថានឱ្យមានសោភ័ណ្ឌភាពសណ្ដាប់ធ្នាប់គ្រាដែលផ្លូវនៅមានកម្រិត និងស្ពានប៉ាឡេក្រាលឈើកំពុងទ្រុឌទ្រោម។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំនឹងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕