ទោះបីមានសន្ទុះកំណើនសេដ្ឋកិច្ចឥណ្ឌាទាបជាងឆ្នាំមុន ប៉ុន្តែធនាគារពិភពលោក បានព្យាករថា នៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនជាងគេបំផុតក្នុងពិភពលោកនៅក្នុងឆ្នាំ២០២៤។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១១ មិថុនា បានឱ្យដឹងថា ឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៦%នៅឆ្នាំនេះ ដែលជំរុញដោយកំណើនតម្រូវការក្នុងស្រុក និងការវិនិយោគ ទោះបីកំណើននេះទាបជាងកំណើនកាលពីឆ្នាំ២០២៣ ដែលមានក្នុងរង្វង់៨,២%ក៏ដោយ។
កំណើនសេដ្ឋកិច្ចសកលនឹងរក្សាស្ថិរភាពក្នុងកម្រិត២,៦% នៅក្នុងឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះបីឆ្នាំជាប់គ្នា ដែលទំនងជាការធ្លាក់ចុះចុងក្រោយសម្រាប់វិបត្តិសេដ្ឋកិច្ចសកល តែយ៉ាងណាសេដ្ឋកិច្ចពិភពលោកអាចជួបប្រឈមនឹងហានិភ័យមួយចំនួន ដែលបង្កឡើងដោយបញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ ជាពិសេសរវាងសហរដ្ឋអាម៉េរិក ជាមួយចិន។
ធនាគារពិភពលោកក៏បានព្យាការដែរថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលរួមមាន ប្រទេសចិន កូរ៉េខាងត្បូង ប្រជាជាតិអាស៊ីអាគ្នេយ៍ និងប្រទេសកោះប៉ាស៊ីហ្វិកនឹងធ្លាក់ចុះពី៤,២% មកនៅត្រឹម៤% នៅឆ្នាំនេះ។ អត្រាកំណើនរបស់ប្រទេសចិនត្រូវបានព្យាករថា នឹងធ្លាក់ចុះពី៥,២% មកនៅត្រឹម៤,៨%៕