លោក នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា អ្វីដែលជាដំណោះស្រាយរយៈពេលវែងគឺការធ្វើទំនើបកម្មនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌទៅលើការធ្វើការរួមគ្នារវាងស្ថាប័នតុលាការ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច ស្ថាប័នជំនាញ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដូចជាការអនុវត្តទោសសហគមន៍ និងមានភាពបត់បែន។
លោកបន្តថា តាមបទពិសោធន៍នៅប្រទេសជិតខាងដូចជានៅប្រទេសថៃជាដើម ការឃុំខ្លួនធ្វើឡើងសម្រាប់តែករណីធ្ងន់ធ្ងរប៉ុណ្ណោះ។ ចំពោះករណីស្រាលពួកគេអាចស្ថិតនៅក្រៅឃុំ ដោយដាក់ប្រាក់តម្កល់ដែលការធ្វើដូច្នេះជួយសម្រាលដល់ភាពចង្អៀតណែននៅពន្ធនាគារ។ បទពិសោធន៍នៅប្រទេសជប៉ុនក៏មានការ អនុញ្ញាតឱ្យជនជាប់ចោទករណីតូចតាចនៅក្រៅឃុំ។ ចំណែកនៅប្រទេសសិង្ហបុរី ក៏មានការអនុញ្ញាតឱ្យនៅក្រៅឃុំក្នុងករណីដែលជននោះអនុវត្តទោសជិតចប់ ដោយគ្រាន់តែបំពាក់ជាមួយប្រព័ន្ធតាមដាន GPS។ «ការធ្វើដូច្នេះវាចំណេញដល់ថវិកាជាតិក៏ដូចជាចំណាយ ថ្លៃម្ហូប ថ្លៃថ្នាំ ថ្លៃសន្តិសុខ ឯកសណ្ឋាន ចំណាយថ្លៃប្រេងឥន្ធនៈសម្រាប់ដឹកជញ្ជូន ចំណាយថ្លៃភ្លើង ថ្លៃទឹក គ្រប់បែបយ៉ាង»
លោកបញ្ជាក់ថា ប្រទេសថៃកង GPS មួយមានតម្លៃ ២០០ដុល្លារ។ ប៉ុន្តែការចំណាយសម្រាប់ជនជាប់ឃុំម្នាក់ក្នុងមួយឆ្នាំអស់ប្រមាណ ១០០០ដុល្លារ។ បច្ចុប្បន្នអគ្គនាយកដ្ឋានកំពុងធ្វើការជាមួយស្ថានទូតជប៉ុន ដើម្បីរិះរកមធ្យោបាយដោះស្រាយបញ្ហានេះ៕