សមាជិកសភារដ្ឋ Louisiana អនុម័តសេចក្តីព្រាងច្បាប់រួចហើយ ដែលនឹងអនុញ្ញាតឱ្យចាប់គ្រៀវឧក្រិដ្ឋជន រំលោភបំពានផ្លូវភេទអនីតិជនអាយុក្រោម១៣ឆ្នាំ។ សេចក្តីព្រាងច្បាប់លេខ៣៧១ ត្រូវបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនពីសំណាក់សមាជិកសភានៅថ្ងៃចុងក្រោយនៃសម័យប្រជុំនីតិបញ្ញត្តិ កាលពីដើមសប្តាហ៍ ហើយឥឡូវនឹងបញ្ជូនបន្តទៅអភិបាលរដ្ឋ Louisiana លោក Jeff Landry ដើម្បីពិនិត្យនិងសម្រេច។
ប្រសិនបើលោក Landry ចុះហត្ថលេខាឱ្យវាក្លាយទៅជាច្បាប់ពេញលក្ខណៈផ្លូវការមែននោះ Louisiana នឹងក្លាយជារដ្ឋដំបូងគេរបស់អាមេរិក ដែលផ្តល់សិទ្ធឲ្យចៅក្រម ដាក់ទោសមនុស្សដោយការគ្រៀវ។
បើតាមសេចក្តីរាយការណ៍របស់ USA Today, សេចក្តីព្រាងច្បាប់នេះ ផ្តល់សិទ្ធិឱ្យចៅក្រមកំណត់ការកាត់ទោសប្រឆាំងនឹងជនល្មើស ដែលត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរជាពិសេសលើអនីតិជនអាយុក្រោម១៣ឆ្នាំ, ឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងធម្មជាតិ ឬការសាហាយស្មន់។
ការគ្រៀវនឹងធ្វើឡើងនៅក្នុងពន្ធនាគារ ដោយវេជ្ជបណ្ឌិតដែលចាត់តាំងពីនាយកដ្ឋានសុវត្ថិភាពសាធារណៈនិងកែប្រែ ហើយយោង តាមច្បាប់នេះជនណាមិនគោរពតាមដីការបស់ តុលាការសម្រាប់ការគ្រៀវ នឹងត្រូវបន្ថែមទោសជាប់ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំទៀតពីលើទោសដាក់ពន្ធនាគារដែលមានស្រាប់។
សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋ Louisiana ក៏មានច្បាប់គ្រៀវដែរ ប៉ុន្តែច្បាប់នោះគឺជាការគ្រៀវដោយប្រើសារធាតុគីមី ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ទោះបីជាយ៉ាងណាក៏ដោយចាប់តាំងពីឆ្នាំ២០១០ ដល់ ២០១៩ រដ្ឋនេះ អនុវត្តការគ្រៀវដោយប្រើសារធាតុគីមីតែលើឧក្រិដ្ឋជនត្រឹមម្នាក់ពីរនាក់ប៉ុណ្ណោះ៕