សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញស្រូវ និងអង្ករចំនួន១១១,៨៦២តោន នៅក្នុងខែមេសា ដែលជាខែដំបូងនៃឆ្នាំសារពើពន្ធ២០២៤-២៥។
ការនាំចេញក្នុងខែមេសា រួមមានស្រូវចំនួន៤២,៧៧០តោន និងអង្ករចំនួន៦៩,០៩២តោន ដែលការនាំចេញនេះបានកើនឡើងពី៨៧,៦៤៨តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបាននាំចេញស្រូវ និងអង្ករទៅកាន់ជាង២០ប្រទេស និងតំបន់រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន ចិន ប៉ូឡូញ ម៉ាឡេស៊ី ប៊ែលហ្ស៊ិក ហូឡង់ និងវៀតណាម។
សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាខាងលើបានឱ្យដឹងទៀតថា នៅក្នុងឆ្នាំសារពើពន្ធ២០២៣-២៤ មីយ៉ាន់ម៉ាបាននាំចេញស្រូវជាង១,៦លានតោន និងអង្ករដោយទទួលបានប្រាក់ចំណូលជាង៨៤៥លានដុល្លារសហរដ្ឋអាមេរិក៕