ការចុះផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យទី៥ខែឧសភា បានឱ្យដឹងថា ក្រោយអ៊ីស្រាអែលសម្រេចបញ្ឈប់ការផ្សាយក្នុងស្រុករបស់ទូរទស្សន៍ Al Jazeera ស្រាប់តែអាជ្ញាធរបានឆ្មក់ចូលឆែកឆេរបន្ទប់សណ្ឋាគារមួយក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលសារព័ត៌មានកាតាមួយនេះប្រើធ្វើជាការិយាល័យរបស់ខ្លួន។
ដើមចមនៃការបិទ Al Jazeera ត្រូវបានអ៊ីស្រាអែលអះអាងថា គឺបណ្តាលមកពីទូរទស្សន៍នេះ ផ្សាយព័ត៌មានដែលគំរាមកំហែងដល់សន្តិសុខជាតិ ហើយគណរដ្ឋមន្ត្រីរបស់លោក Benjamin Netanyahu ប្រកាសថា ដរាបណាសង្គ្រាមនៅហ្គាហ្សាមិនបញ្ចប់ នោះគ្មានថ្ងៃទូរទស្សន៍ Al Jazeera ត្រូវអនុញ្ញាតឱ្យបើកឡើងវិញឡើយ។
តាមការលើកឡើងរបស់អ៊ីស្រាអែល ពេញមួយសង្គ្រាមជាមួយក្រុមហាម៉ាស បណ្តាញនេះបានរិះគន់ប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា ហើយលោក Netanyahu បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយការបោះឆ្នោតគណៈរដ្ឋមន្ត្រីជាឯកច្ឆ័ន្ទថា Al Jazeera ជាបណ្តាញញុះញង់ ដូច្នេះនឹងត្រូវបិទនៅក្នុងប្រទេសអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីស្រាអែល បានចុះហត្ថលេខាលើបទបញ្ជាឱ្យមានវិធានការបិទការិយាល័យរបស់ Al Jazeera ក្នុងប្រទេសអ៊ីស្រាអែល, រឹបអូសឧបករណ៍ផ្សាយ, កាត់ផ្តាច់ប៉ុស្តិ៍ពីក្រុមហ៊ុនខ្សែកាបនិងផ្កាយរណប ព្រមទាំងបិទគេហទំព័រ។
ជាការឆ្លើយតប Al Jazeera និយាយថា ទង្វើនេះគឺជាសកម្មភាពឧក្រិដ្ឋកម្ម ហើយការចោទប្រកាន់ថា បណ្តាញនេះគំរាមកំហែងសន្តិសុខអ៊ីស្រាអែល គឺរឿងការកុហកដ៏គ្រោះថ្នាក់ និងគួរឱ្យអស់សំណើចជាទីបំផុត ដោយធ្វើឲ្យអ្នកកាសែតរបស់ខ្លួនប្រឈមនឹងហានិភ័យ ហើយខ្លួនសូមរក្សាសិទ្ធិក្នុងការចាត់វិធនការផ្លូវច្បាប់ទាំងអស់។
ពាក់ព័ន្ធបញ្ហាបិទនេះ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏រិះគន់ផងដែរ ដោយបានបង្ហោះសារលើបណ្តាញសង្គម X ថា “យើងសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីក្នុងការបិទ Al Jazeera នៅប្រទេសអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយសេរីនិងឯករាជ្យ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានានូវតម្លាភាពនិងគណនេយ្យភាព។ ឥឡូវនេះមានការរឹតត្បិតកាន់តែតឹងលើសេចក្តីរាយការណ៍ពីហ្គាហ្សា។ សេរីភាពនៃការបញ្ចេញមតិគឺជាសិទ្ធិមនុស្ស សំខាន់យើងសូមជំរុញឱ្យរដ្ឋាភិបាលលុបចោលបម្រាមនេះវិញ”៕