ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់ នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៉ីល បានបន្តកើនដល់យ៉ាងហោច៥៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។
មិនតែប៉ុណ្ណោះមនុស្ស៦៧នាក់ នៅបន្តបាត់ខ្លួន ហើយជាង៦៩,០០០នាក់ផ្សេងទៀត ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅរកកន្លែងសុវត្ថិភាព។ ការធ្លាក់ភ្លៀងខ្លាំងក្លា ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ នៅរដ្ឋខាងលើរបស់ប្រេស៉ីល បានជះផលប៉ះពាល់ដល់ទីក្រុងចំនួន ២៨១ ក្នុងចំណោមទីក្រុងសរុប៤៩៧ នៃរដ្ឋ Rio Grande do Sul ដោយទីក្រុង Porto Alegre ដែលជារដ្ឋធានីរបស់រដ្ឋនេះ សឹងតែត្រូវទឹកជន់លិចគ្រប់ទីកន្លែង។
ទឹកជំនន់បានបំផ្លិចបំផ្លាញផ្លូវថ្នល់និងស្ពាន នៅតំបន់មួយចំនួននៃរដ្ឋ Rio Grande do Sul ខណៈព្យុះភ្លៀងក៏បានបង្កជាគ្រោះរអិលបាក់ដីហើយធ្វើឱ្យរលំផ្នែកនៃទំនប់វារីអគ្គិសនីតូចមួយ។ បើតាមការព្យាករឧតុនិយម ភ្លៀងត្រូវគេរំពឹងថា នឹងបន្តធ្លាក់នៅតំបន់ភាគខាងជើងនិងឦសាននៃរដ្ឋរហូតដល់ថ្ងៃអាទិត្យ ប៉ុន្តែបរិមាណទឹកភ្លៀង មានការថយចុះទៅវិញ ដូច្នេះវាគួរតែស្ថិតក្រោមកម្រិតកំពូល ដែលគេមើលឃើញ កាលពីប៉ុន្មានថ្ងៃមុន នៅក្នុង សប្តាហ៍នេះ៕