ប្រទេសរុស្ស៊ី បានតាំងពិព័រណ៍បង្អួតសព្វាវុធដែលខ្លួនរឹបអូសបានពីទ័ពអ៊ុយក្រែនដើម្បីឱ្យប្រជាជនទស្សនា ហើយសព្វាវុធដែលតាំងបង្ហាញនេះទៀតសោត គឺសុទ្ធសឹងតែជារបស់អង្គការណាតូ បញ្ជូនទៅជួយទីក្រុងកៀវ។ នេះបើយោងតាមសារព័ត៌មាន RT។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅខាងក្រៅសារមន្ទីជ័យជម្នះ ក្នុងទីក្រុងមូស្គូកាលពីថ្ងៃពុធទី១ខែឧសភា ដោយគេបានឃើញសព្វាវុធជាច្រើនជាពិសេសគ្រឿងសឹកធុនធ្ងន់ដូចជា រថក្រោះ ប្រព័ន្ធបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាដើម។
ការតាំងពិពណ៌នេះមានរថយន្តសរុបចំនួន៣២គ្រឿង ដែលរុស្ស៊ីរឹបអូសបានពីកងកម្លាំងអ៊ុយក្រែនផងដែរ ជាពិសេសគ្រឿងសឹកដែលផ្គត់ផ្គង់ដោយប្រទេសជាសមាជិកអង្គការណាតូតែម្តង។ ក្រៅពីយានយន្តគេបានឃើញអាវុធធុនតូចៗជាច្រើនប្រភេទ គ្រាប់បែកដៃ និងគ្រឿងសឹកយោធាផ្សេងទៀតផងដែរ៕