ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅថា G7 កំពុងពិចារណាប្រើប្រាស់ ទ្រព្យសម្បត្តិដែលបានបង្កកពីរុស្ស៊ីជិត ៣០០ពាន់លានដុល្លារ មកធ្វើជាទ្រព្យបញ្ចាំ ក្នុងការផ្ដល់ជំនួយទៅដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប សង្ឃឹមថា សហភាពអឺរ៉ុប នឹងឯកភាពលើសំណើមួយនេះ ដ្បិតទ្រព្យសម្បត្តិបង្កកពីរុស្ស៊ីមួយចំណែកធំគឺត្រូវបានរក្សាទុកនៅទីនោះរួចជាស្រេច។ ជាមួយគ្នា រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire ក៏បានបង្ហើបដែរថា G7 កំពុងទាមទារ គ្រប់គ្រងការប្រាក់ប្រមាណចន្លោះពី ៣ ទៅ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីទ្រព្យសម្បត្តិបង្កក ដែលកំពុងជាប់គាំងនៅសហភាពអឺរ៉ុប ក្នុងគោលបំណងយកទៅជួយដល់ប្រទេសអ៊ុយក្រែន។
សូមជម្រាបដែរថា សំណើប្រើប្រាស់ទ្រព្យសម្បត្តិបង្កកនេះ គឺត្រូវបានលើកឡើងជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែមិនដែលទទួលបានលទ្ធផលជាដុំកំភួនឡើយ ស្របពេលភាគីរុស្ស៊ីអះអាងថា តែហ៊ានប្រើលុយទាំងនោះជួយអ៊ុយក្រែន នោះលោកខាងលិចប្រៀបបានដូចជាចោរ ដែលលួចលុយរបស់ខ្លួនទៅប្រើប្រាស់អញ្ចឹង៕