បន្ទាប់ពីស្ពាន Francis Scott Key ត្រូវកប៉ាល់ដឹកកុងតឺន័របុកបាក់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសថា រដ្ឋាភិបាលនឹងចំណាយលើការកសាងគម្រោងដ៏សំខាន់នេះឡើងវិញ ហើយក្រោយការវាយតម្លៃនិងគិតគូរមកក្រុមអ្នកជំនាញប៉ាន់ស្មានថា ថ្លៃសាងសង់ស្ពានដែលតភ្ជាប់ទៅកំពង់ផែ Baltimore ក្នុងរដ្ឋ Maryland ដ៏សំខាន់មួយនេះ នឹងត្រូវចំណាយអស់ប្រាក់ចន្លោះ ៦០០លានទៅ ២ពាន់លានដុល្លារ អាស្រ័យលើពេលវេលានៃការសាងសង់។
បើតាមសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា មានការខ្វែងគំនិតគ្នាពាក់ព័ន្ធកញ្ចប់ថវិកាយកទៅសាងសង់ស្ពាននេះឡើងវិញ ដោយលោក បៃដិន បានស្នើឱ្យចំណាយថវិកាសហព័ន្ធ ប៉ុន្តែសភាអះអាងថា នេះគឺទំនួលខុសត្រូវរបស់រដ្ឋ Maryland តែមួយគត់។
ត្បិតតែថ្លៃចំណាយសង់ស្ពាន មិនត្រូវគេដឹងច្បាស់ថាអស់ប៉ុន្មានឱ្យប្រាកដក៏ពិតមែន តែលោក បៃដិន នៅតែហ៊ានធានាថា លោកនឹងបញ្ចុះបញ្ចូលឱ្យសភាគាំទ្រសំណើរបស់លោកទាល់តែបាន ជាហេតុធ្វើឱ្យអ្នកប្រជាធិបតេយ្យភាគច្រើន សរសើរមិនដាច់ពីមាត់ ជាពិសេសពីសំណាក់តំណាងរាស្រ្តនៅក្នុងរដ្ឋ Maryland ផ្ទាល់តែម្តង។
ស្របពេលជាមួយគ្នានោះ អ្នកសេរីនិយមមួយចំនួននៅក្នុងគណបក្សប្រជាធិបតេយ្យ ក៏ចោទសួរអំពីសំណើរបស់លោកបៃដិនផងដែរ ដោយលើកហេតុផលថា មូលហេតុមួយនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីម្ចាស់កប៉ាល់កុងតឺន័រ ដូច្នេះពួកគេក៏ត្រូវតែទទួលខុសត្រូវលើការចំណាយ។
លោក Jamal Simmons អ្នកយុទ្ធសាស្រ្តប្រជាធិបតេយ្យ និងជាអតីតនាយកទំនាក់ទំនងរបស់អនុប្រធានាធិបតី Kamala Harris បានលើកឡើងថា “សូមឱ្យមានការច្បាស់លាស់បន្តិចអំពីសោកនាដកម្មនៅ Baltimore។ ស្ពានមិនមែនបាក់ភ្លាមៗទេ ហើយក៏មិនមានការរញ្ជួយដីដែរ។ ស្ពានបាក់ដោយសារតែកប៉ាល់ឯកជនបាត់បង់ការគ្រប់គ្រង យ៉ាងហោចណាស់ ពួកគេត្រូវទទួលខុសត្រូវមួយផ្នែក សម្រាប់ឧប្បត្តិហេតុនេះ”។
សូមរម្លឹកថា តាំងពីដើមមកសភាអាមេរិក មិន សូវរកាំរកូសគ្នាដូចពេលនេះទេ បន្ទាប់ពីមាន ឧប្បត្តិហេតុណាមួយកើតឡើង ជាក់ស្តែងដូចជានៅពេលដែលស្ពាន I-35 ក្នុងទីក្រុង Minneapolis បាក់កាលពីឆ្នាំ២០០៧ ដោយសភាទាំងពីរបានអនុម័តថវិកាគ្រាអាសន្នដើម្បីសាងសង់ស្ពានឡើងវិញ ហើយអតីតប្រធានាធិបតី George W. Bush ក៏បានចុះហត្ថលេខាលើច្បាប់នេះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ៕