គម្រោង Starshield សម្ងាត់របស់មហាសេដ្ឋីអាមេរិក លោក Elon Musk នឹងអនុញ្ញាតឱ្យយោធាអាមេរិក តាមដានគោលដៅ និងគាំទ្រកងកម្លាំងជើងគោកអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងពេលជាក់ស្តែងស្ទើរតែគ្រប់ទីកន្លែងនៅលើផែនដី ។ នេះបើតាមចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុន SpaceX បាននឹងកំពុងបាញ់បង្ហោះផ្កាយរណបយោធាគំរូជាមួយនឹងបន្ទុក “ស៊ីវិល” នៅលើគ្រាប់រ៉ុក្កែត Falcon 9 ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០២០ មុនពេលទទួលបានកិច្ចសន្យាដែលមានតម្លៃ ១,៨ ពាន់លានដុល្លារជាមួយការិយាល័យឈ្លបយកការណ៍ជាតិ (NRO) ក្នុងឆ្នាំ ២០២១។
ប្រភពបានអះអាងថា ក្រុមតារានិករដ៏ធំសម្បើមនៃផ្កាយរណបគោចរក្នុងគន្លងផែនដីកម្រិតទាប នឹងអាចតាមដានគោលដៅនៅលើដីក្នុងពេលវេលាជាក់ស្តែងស្ទើរតែគ្រប់ទីកន្លែងជុំវិញពិភពលោក។ ម្នាក់ក្នុងចំណោមពួកគេបាននិយាយដោយអំនួតថា Starshield នឹងធានាថា “គ្មាននរណាម្នាក់អាចលាក់បាំង” ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទេ។ ប្រព័ន្ធនេះក៏ត្រូវបានគេរាយការណ៍ថា មានគោលបំណង “ធន់នឹងការវាយប្រហារ” ដោយមហាអំណាចអវកាសគូប្រជែង។
វានៅតែមិនទាន់ច្បាស់ថាតើមានផ្កាយរណប Starshield ចំនួនប៉ុន្មានដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ហើយនៅពេលដែលប្រព័ន្ធនេះត្រូវបានគេរំពឹងថានឹងដំណើរការលើអ៊ីនធឺណិតពេញលេញ ដោយ SpaceX និង Pentagon មិនអើពើនឹងសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ ការិយាល័យឈ្លបយកការណ៍ជាតិ បានអះអាងថា ខ្លួនកំពុងបង្កើត “ប្រព័ន្ធស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងប្រព័ន្ធឈ្លបយកការណ៍លើលំហដែលមានសមត្ថភាពបំផុត , ចម្រុះ និងធន់បំផុត ដែលពិភពលោកធ្លាប់បានឃើញ” ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយលើតួនាទីរបស់ SpaceX នៅក្នុងគម្រោងនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន SpaceX ធ្លាប់បានទទួលស្គាល់ពីការអភិវឌ្ឍន៍ជម្រើសយោធាចំពោះប្រព័ន្ធផ្កាយរណប Starlink “ស៊ីវិល” ដោយនិយាយកាលពីខែកញ្ញាថា វានឹងជា “របស់រដ្ឋាភិបាលអាមេរិក” និងគ្រប់គ្រងដោយក្រសួងការពារជាតិ៕